ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរដែលជាជនរងគ្រោះម្ចាស់រថយន្តនិងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង
បានបេីកប្រតិបត្ដិការស្រាវជ្រាវរកមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់, បាញ់កញ្ចក់រថយន្ដស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ក្នុង ចំណោមបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន។
មុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី02 ខែកក្កដា ឆ្នាំ2023 ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស អាយុ33ឆ្នាំ ស្នាក់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាពនិងបញ្ជាក់ថាខ្លួននិងបក្ខពួកបានធ្វេីសកម្មភាពយកចម្ពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវល្បឿនលឿននៅម្ដុំអូរក្រាំងអំបិលនិងផ្លូវជាតិលេខ៤ ក្នុងភូមិស្លា ។
តាមចម្លេីយបន្ថែមថា ការធ្វេីសកម្មភាពមិនរេីសប្រភេទរថយន្ដនិងពេលវេលាទេ អោយតែខ្លួននិងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រេីប្រាស់គ្រឿងញៀន)។ កន្លងមកខ្លួនបានយកចម្ពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីន តែមិនដឹងថាចំឬបែកកញ្ចក់ឬក្រពឹតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត។
ឈ្មោះ ឈឿម ដែន បានសារភាពថា ករណីបាញ់កញ្ចក់រថយន្តដោយប្រើចម្ពាមកៅស៊ូ គឺពេលខ្លះចំគោលដៅឬមានប្រសិទ្ធភាព តែពេលខ្លះមិនបានផលនោះទេ។ ក្រៅពីខ្លួននៅមានបក្ខពួកម្នាក់ពីរទៀតធ្វើសកម្មភាព ដែលពួកគេរស់នៅភូមិស្លា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គេចខ្លួន)។
ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់បន្តទៀត ។ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតាមនីតិវិធី ៕ ដោយ៖សុរិយា