ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចម្តុំសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលពាក់ ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវលេខ២៩កែងផ្លូវលេខ២៩៤ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវមិនចាំលេខ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ១Y-១០៧៣។
សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូនអេសអឺ២ ពណ៌ខៀវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ កម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី