Update: កំណត់ហេតុ ៖ ជនសង្ស័យជាចោរ ប្លន់គឺជាបុគ្គលិកធនាគារអេស៊ីលីដា
ខេត្តកណ្តាល៖ ស្ត្រីជាជាងកាត់ដេរសម្លៀកបំពាក់ម្នាក់បានរងនូវអំពើប្លន់យកប្រាក់ពីបុគ្គលិកធនាគារអេស៊ីលីដា និងបក្ខពួកម្នាក់ទៀត តែមិនបានសម្រេច ។ ករណីប្លន់យប្រាក់មិនបានសម្រេចនេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យមានគ្នា២នាក់ទី១-ឈ្មោះ ស៊ិន សុភា ហៅផានិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាបុគ្គលិកធនាគាអេស៊ីលីដា សាខាខេត្តតាកែវ មានទីលំនៅក្នុងភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ស ឆាង ហៅតាចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុនCSNមានទីលំនៅក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ សុខ សុជាតិ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ ជាជាងកាត់ដេរសម្លៀកបំពាក់ មានទីលំនៅក្នុងភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រយៈពេលកន្លងមកជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិតបានរៀបអានគ្នាជាមួយជនរងគ្រោះ ហើយជនរងគ្រោះធ្លាប់បានពឹងពាក់ឲ្យជនសង្ស័យរត់ការធ្វើស្លាកលេខម៉ូតូថែមទៀត ។ មិនតែប៉ុណ្ណោះជនសង្ស័យធ្លាប់បានណែនាំជនរងគ្រោះឲ្យយកប្រាក់ដាក់នៅធនាគារអេស៊ីលីដា សាខាភ្នំពេញ ដើម្បីយកការប្រាក់ទៀតផង ។ ការរាប់អានគ្នានិងពឹងពាក់គ្នានេះបានដឹងដល់បុរសជាប្តីស្ត្រីរងគ្រោះ និង ប្រពន្ធជនសង្ស័យទៀតផង ។ លុះមកដល់វេលារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានតេទូរស័ព្ទទៅរកជនរងគ្រោះសួរនាំនៅឯងណា ? ពេលនោះជនរងគ្រោះក៏បានតបវិញថា នៅផ្សារដើរគរាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ពេលឮថាជនរងគ្រោះនៅភ្នំពេញជនសង្ស័យក៏បានប្រាប់ឲ្យជនរងគ្រោះចាំខ្លួនសុំជិះម៉ូតូទៅផ្ទះនៅឯខេត្តកំពង់ស្ពឺជាមួយផង បន្ទាប់ពីបានជួបគ្នាជនរងគ្រោះ ក៏បានប្រគល់សោរម៉ូតូឲ្យជនសង្ស័យឌុបសំដៅទៅស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺវិញ ។ លុះជិះដល់ចំណុចកើតហេតុជនសង្ស័យបានឈប់ម៉ូតូនៅក្បែរចិញ្ចើមផ្លូវហើយចុះទៅបត់ជើងតូច ខណៈនោះបក្ខពួករបស់គេបានជិះម៉ូតូចូលទៅដណ្តើកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះបម្រុងជិះម៉ូតូគេចខ្លួន ។ ពេលនោះជនរងគ្រោះក៏បានស្ទុះធាក់ម៉ូតូជនសង្ស័យដួលធ្លាក់ទៅក្នុងប្រឡាយដោយសារតែលើកម៉ូតូជិះគេចខ្លួនមិនកើតជនសង្ស័យក៏បានរត់កាត់វាស្រែបំណងគេចខ្លួន តែមិនបានសម្រេចត្រូវបានជនរងគ្រោះរត់តាមពីក្រោយស្រែកថា “ចោរៗ”ធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ព័ទ្ធស្ទាក់ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង ។