កំពត៖ បុរសម្នាក់បានត្អូញត្អែរដោយក្តីអស់សង្ឃឹម បន្ទាប់ពីខ្លួនអស់សមត្ថភាពក្នុងការស្វះស្វែងរកប្រពន្ធ ដែលបានបាត់ពីផ្ទះអស់រយៈពេល៤យប់ ៥ថ្ងៃ មិនដឹងថា ទៅដល់ទីណា ស្លាប់ ឬរស់ ហើយ បង្ខំចិត្តអង្វរសាច់ញាតិខាងប្រពន្ធឲ្យជួយរកដើម្បីឲ្យនាងត្រឡប់មករួមរស់ជាមួយខ្លួន និងកូនអាយុ២ឆ្នាំនោះ ។
បុរសខាងលើមានឈ្មោះ អឿន សារឿន អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ចាក់ក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត បានរៀបរាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លួនមានឈ្មោះ ម៉ៅ ស្រីផស អាយុ២៥ឆ្នាំ មុខរបរ ជួយថែទាំឃ្វាលគោនៅក្នុងភូមិជាមួយនឹងឪពុកម្តាយ មានកូនស្រីអាយុ២ឆ្នាំ ។ បុរសរូបនេះបញ្ជាក់ថា កាលពីវេលាម៉ោង៨ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ប្រពន្ធរបស់ខ្លួនបានទាញម៉ូតូជិះទៅផ្សារ ដើម្បីទិញម្ហូប ។ ប៉ុន្តែ រហូតដល់ម៉ោងបាយ បែរជាពុំឃើញត្រឡប់មកវិញ ខ្លួនក៏បានទូរស័ព្ទ មុនដំបូងចូល ក្រោយមកទៀត ត្រូវបានបិទ បាត់ដំណឹងសូន្យឈឹងរហូតមកទល់នឹងរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ។
បុរសខាងលើបន្តថា បើតាមអ្នកភូមិ និងសាច់ញាតិបានឃើញប្រពន្ធរបស់ខ្លួនមួយផ្លែតផងដែរប្រហែលជាម៉ោង១រសៀល កាលពីថ្ងៃដំបូង រួចហើយគាត់ក៏បានជិះម៉ូតូចេញពីភូមិទៅវិញ ។ ដូច្នេះ ខ្លួមិនដឹងថា ប្រពន្ធកំពុងតែចាញ់បោកអ្នកដទៃ ឬក៏ទៅសម្ងំលាក់ខ្លួននៅទីណាឡើយ ។
លោក ម៉ៅ ណាក់ ហៅនាត អាយុ៣២ឆ្នាំ ដែលត្រូវជាបងបង្កើតស្រ្តីឈ្មោះ ម៉ៅ ស្រីផស បានប្រាប់នគរវត្តឲ្យដឹងថា អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា ថ្វីដ្បិតតែក្នុងស្ថានភាពគ្រួសារលំបាកទីទ័លក្រ ប្តីជាកម្មករសំណង់ ប្រពន្ធជាអ្នកឃ្វាលគោក្នុងភូមិ ប៉ុន្តែពួកគេពិតជាមានសុភមង្គល មិនដែលឈ្លោះទាស់ទែង សម្តីធំតូចដាក់គ្នាឡើយ ។
ប៉ុន្តែ រយៈពេលប៉ុន្មានថ្ងៃនេះ ប្អូនស្រីរបស់ខ្លួនត្រូវបានអ្នកជិតខាង និងប្តីរបស់គេប្រាប់ថា នាងតែងតែរវល់ក្នុងការនិយាយទូរស័ព្ទជាញឹកញាប់ និងរយៈពេលយូរ ដូច្នេះ ការចាកចេញពីផ្ទះនេះ លោកសង្ស័យថា ប្តីស្រីរបស់ខ្លួន អាចនឹងចាញ់កល់ណាមួយពីជនខិលខូច ធ្វើជាធ្នាក់អូសទាញ់ទើបធ្វើឲ្យនាងចាកចេញពីផ្ទះចោលប្តី និងកូន ឬក៏អាចមានគ្រោះថ្នាក់ដោយប្រការណាមួយ ។ លោក ម៉ៅ ណាក់ បន្តថា ខ្ញុំជាមនុស្សប្រុស បានអាណិតអាសូរយ៉ាងខ្លាំងទៅប្អូនថ្លៃរបស់ខ្លួន ដែលគាត់ព្យាយាមស្វះស្វែងរកប្រពន្ធទាំងដាច់បាយក្រហាយទឹក និងអង្គុយទ្រហ៊ោយំឲ្យបងប្អូនសាច់ញាតិទាំងសងខាង រួមទាំងមិត្តភក្តិឲ្យជួយរកប្រពន្ធរបស់ខ្លួនឲ្យបានត្រឡប់មកផ្ទះវិញ ៕ សុខ ខេមរ៉ា