ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការនិងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់និងវឌ្ឍនភាពការងារគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពតដល់ច្រកលក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជាច្រើនរូប។
ការចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេសដើម្បីធានាឱ្យបានថាការសាងសង់ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ ក្រុមការងារដឹកនាំដោយលោករដ្ឋលេខាធិការ ក៏បានចុះផ្ទាល់ទៅដល់ទីតាំងសាងសង់ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ ០៤+៧៩១ ដើម្បីពិនិត្យវឌ្ឍនភាពផងដែរ។
គិតមកត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៣,៣៩% ក្នុងនោះមានដូចជា៖ ១-ការងារកាប់ឆ្ការ និងបោសសម្អាតសម្រេចបាន៥២,៥៧ គ.ម, ២-ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង៣-ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងបានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។
គួររម្លឹកផងដែរថា៖ គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរនៃខេត្តកែប គ្រប់គ្រងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ៕ ដោយ : សហការី