ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានចុះស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) បានហើយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងជាឧបករណ៍សម្រាប់កាច់.កម៉ូតូ និងកាំភ្លេីងខ្លីក្លែងក្លាយមួយដេីមផងដែរ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១០ ខែកក្កដាថ្មីៗនេះ នៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) មួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1J-8053 ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ។
បន្ទាប់ពីទទួលបាបបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តវីតិវិធី ។
ជនសង្ស័យមានឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្ភារៈវត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ផ្លាកលេខៈ ព្រះសីហនុ 1J-8053 (ផលនៃអំពើចោរកម្ម)
-សោរច្នៃសម្រាប់កាចើបំបែកសោរកម៉ូតូ ចំនួន ០២
-ឧបករណ៍សម្រាប់ដោះម៉ូតូមួយចំនួន
-កាំភ្លើងខ្លីក្លែងក្លាយ ០១ដើម (ធ្វើពីឈើ) ។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ៖សហការី