ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ បុរសវ័យ២៣ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសង្កែ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន រួចយកមកអនុវត្តតាមច្បាប់។
ប្រភពដដែលបន្តថា ការឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀខាថលេីនេះ បានធ្វេីឡើងកាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទី នៅលើផ្លូវជាតិលេខ៥ ចំនុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្ក្រាបបានករណីរក្សាទុកដោយខុច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះ ឆាយ សាម៉េត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៣ថង់(ទម្ងន់០,៥៥ទាំងសំបកថង់)
-សម្ភារ:កែរច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ដៃចំនួន០១គ្រឿងចាស់
-កាបូបស្ពាយពណ៌ត្នោតសម្រាប់រក្សាទុកថ្នាំញៀនចំនួន១
-ម៉ូតូកែច្នៃស៊េរីចាស់០១គ្រឿង គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី