ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ មានករណីកុមារីអាយុ០៨ឆ្នាំ ០១នាក់ បានលង់ទឹកអូរស្លាប់ ចំណុចខាងក្រោយផ្ទះ របស់ឈ្មោះ កែវ មុំ ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាម្ដាយសព) កាលពីម្សិលមិញនេះ ស្ថិតនៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍ដដែលបន្តថា កម្លាំងផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ បានទទួលបញ្ជាពីលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា អារុណ អធិការរង សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាខេត្ត និងគ្រូពេទ្យកោសល្យវិច្ច័យខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងចាប់ផ្ដើមពិនិត្យសាកសពឈ្មោះ ដា ស្រីឌីន ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មានកម្ពស់១,១៥ម៉ែត្រ សម្បុរខ្មៅស្រអែម រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយពីការពិនិត្យលើសាកសពរបស់គ្រូពេទ្យកោសល្យវិច្ច័យខេត្តរួច សមត្ថកិច្ចសន្និដ្ឋានថា សពឈ្មោះ ដា ស្រីឌីន ពិតជាស្លាប់ដោយសារថប់ដង្ហើម (លង់ទឹកបណ្ដាលឲ្យស្លាប់) សពស្លាប់លើសពី២០ម៉ោង។
ជាក់ស្ដែងតាមការបំភ្លឺរបស់ឈ្មោះ វឿន ស្រីលី ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និយាយថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០ជាងព្រឹក ខ្លួនបានដើរទៅលេងទឹកអូរខាងក្រាយផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ ជាមួយឈ្មោះ កែវ ដាវី ភេទស្រី អាយុ០៨ឆ្នាំ និងឈ្មោះ ដា ស្រីឌីន (សព) ពេលកំពុងតែលេងទឹកអូរឈ្មោះ ដា ស្រីឌីន បានរអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ (ស្រះទឹក) ពេលឃើញដូចនេះខ្លួននិងឈ្មោះ កែវ ដានី មិនហ៊ានប្រាប់ចាស់ៗទេ ខ្លាចម្ដាយរបស់ឈ្មោះ ដា ស្រីឌីន វ៉ៃខ្លួន លុះដល់ពេលល្ងាចមីងមុំម្ដាយរបស់ឈ្មោះ ដា ស្រីឌីន សួរខ្លួនថា មានឃើញកូនគាត់អត់ ទើបខ្លួនប្រាប់ថា កូនមីងឯងលង់ទឹកអូរ បន្ទាប់មកមីងមុំនិងចាស់ៗក្នុងភូមិ ចុះរាវរកឃើញឈ្មោះ ដា ស្រីឌីន លង់ទឹកស្លាប់ក្នុងអូរ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅឈ្មោះ កែវ មុំ ត្រូវជាម្ដាយបង្កើតរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី