ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីខ្យល់កន្រ្តាក់មួយកើតឡើង បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនូន០៥ឃុំដូចខាងក្រោម៖
១-ឃុំបឹងតាព្រហ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងជុំ០១ខ្នងផ្ទះ និងភូមិបឹងតាព្រហ្ម០១ខ្នងផ្ទះខូចខាត ដំបូលផ្ទះសង្កសីចំនួន២៣សន្លឹក ។
២-ឃុំសាមគ្គី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋបឹងរាំងចំនូន៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៤១សន្លឹក ស៊ីប្រូចំនួន០៨សន្លឹក ។
៣-ឃុំអណ្ដូងថ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបន្ទាយប្រិយចំនួន០២ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៤៥សន្លឹក ។
៤-ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលទទឹង១ចំនួន០៤ខ្នងផ្ទះ ភូមិទួលទទឹង៣ចំនូន០៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៥៧សន្លឹក ។
៥-ឃុំទួលទទឹង ប៉ះពាល់ដំបូលសាលារៀន ស្ថិតក្នុងភូមិត្រពាំងគា ខូចខាត ដំបូលស័ង្កសី១៨សន្លឹក (ប្រវែង៦,៤ម៉ែត្រ) ផ្លានចំនួន១០ដើម(ប្រវែង១០ម៉ែត្រ) ជើងសេះខូចចំនួន០៣ដើម(ប្រវែង៦,៥ម៉ែត្រ)។
គួរជម្រាបដែរថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន ០១គ្រឿងទៀត (០១ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕ដោយ៖សហការី