ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងឈប់ភ្លើងស្តុបពណ៌ក្រហម ហើយពេលលោតភ្លេីងខៀវមិនដាក់លេខទៅមុខបែរជាដាក់លេខមកក្រោយជ្រុលទៅបុកម៉ូតូដែលឈប់ខាងក្រោយរុញផ្ទប់ទៅនឹងរថយន្តFord មួយគ្រឿងទៀតបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចភ្លើងស្តុបស្ពានអាកាសថ្មី ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជាជនជាតិចិនភេទប្រុស អាយុប្រហែល៤០ឆ្នាំ។
ចំណែកអ្នកបេីកបររថយន្តព្រូសឈ្មោះ ជី ដារីរត្ន័ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវប៉ូលិសឃាត់ខ្លួន)។ រីឯម្ចាស់រថយន្តFord ឈ្មោះ គង់ ដា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ ប្រាងម្កាក់ ឃុំតាំងក្រូច ស្រុកសំរោងទងខេត្តកំពង់ស្ពឺ (ប៉ូលិសឃាត់ខ្លួន)។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកTOYOTA Prius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-4793 បើកបរ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ភ្លើងស្តុបពណ៌ក្រហម។ ចំណែកបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាក
ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-8157 ជិះពីកើតទៅលិចដែរនោះ ទៅឈប់ពីក្រោយរថយន្តព្រូស។ ដោយឡែករថយន្ត ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-0501 បើកពីកើតទៅលិចដូចគ្នាទៅឈប់នៅពីក្រោយម៉ូតូរបស់ជនរងគ្រោះ រង់ចាំភ្លើងខៀវទាំងអស់គ្នា លុះដល់ភ្លើងស្តុបលោតពណ៌ខៀវហើយ ក៏ស្រាប់តែរថយន្តព្រូស មិនដាក់លេខទៅមុខ បែរជាច្រឡំដាក់លេខថយក្រោយធ្វើឱ្យរថយន្តស្ទុះថយក្រោយបុកម៉ូតូជនរងគ្រោះរុញផ្ទប់នឹងរថយន្តFord បណ្តាលឱ្យគាបអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្ន រថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើកបររថយន្តទាំង២នាក់ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញយកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តការស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ