អធិការបតីអាល្លឺម៉ង់លោកស្រីAngela Merkel បានព្រមានថានឹងមានប្រទេស៥ទៀត ដើរតាមគន្លងអង់គ្លេស ទទួលឥទ្ធិពលពីDomino Brexit អាចនឹងបោះឆ្នោតចាកចេញពីអីរ៉ុបបន្តទៀត។
នៅពេលនេះមេដឹកនាំគណបក្សបដិវត្តន៏ប្រជាជនបារាំង លោកស្រី Masrine Le Pen បានសន្យាថានឹងធ្វើការបោះឆ្នោតប្រជាមតិ ស្តីពីការ ត្រូវចាកចេញពីសហគមន៍អឺរ៉ុបឬក៏បន្តនៅទៀត។ ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីបារាំងនៅការបោះឆ្នោតឆ្នាំក្រោយនោះ លោកស្រីនឹងជម្រុញឲ្យមានការបោះឆ្នោតចាកចេញពីអឺរ៉ុបដូចប្រទេសអង់គ្លេស។
ក្នុងពេលជាមួយគ្នានោះដែរ ប្រទេសហុល្លង់ ក៏បានឡើងគម្រោងចាកចេញពីអឺរ៉ុប។ ជាមួយគ្នានោះអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលក្រសួងហិរញ្ញវត្ថុបានប្រកាសថា អាល្លឺម៉ង់ នឹងត្រូវចំណាយប្រាក់បន្ថែមរហូតដល់ទៅ២,៤៤ពាន់លានផោន ក្នុងមួយឆ្នាំសម្រាប់មូលនិធិអឺរ៉ុបក្រោយពេល អង់គ្លេសបានចាកចេញពីអឺរ៉ុបនោះ។
នៅពេលនេះសហគមន៍អឺរ៉ុបកំពុងតែប្រឈមនិងការបែកបាក់ដូចអ្វីដែលមេដឹកនាំរុស្ស៊ីលោកវ៉្លាឌឺមៀពូទីនធ្លាប់បានលើកឡើងនាពេលកន្លងមក។
ប្រធានាធិបតីបារាំង ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ប្រធានសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នាខ្វាត់ខ្វែងតាមទូរស័ព្ទភ្លាម ក្រោយពីបានឮសេចក្តីប្រកាសលទ្ធផលប្រជាមតិថាពលរដ្ឋអង់គ្លេស បាន បោះឆ្នោតចាកចេញពីអឺរ៉ុប។ លោកហ្វ្រង់ស័រ ហូឡង់ បានអំពាវនាវឱ្យអឺរ៉ុបភ្ញាក់រួសរាន់ឡើងប្រឈមនឹងជម្រើសរបស់ អង់គ្លេស។ ចំណែកលោកស្រីមែរកិលបានកោះប្រជុំប្រមុខដឹកនាំប្រទេសសំខាន់របស់ អឺរ៉ុបទាំង៦ នៅទីក្រុងប៊ែរឡាំង នៅថ្ងៃសៅរ៍ទី ២៥ មិថុនា និងស្នើសុំឱ្យអឺរ៉ុបកុំសម្រេចចិត្តអ្វីលឿនពេក។
ពាក្យ ថាសោកស្តាយបានគ្រលាស់ចេញពីគ្រប់ប្រអប់មាត់របស់ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកអឺរ៉ុបគ្រប់ៗរូប។ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានធ្វើសុន្ទរកថាខ្លីមួយ ដើម្បីធានាអះអាងថា បារាំងនឹងធ្វើជាមេគំនិតដឹកនាំអឺរ៉ុបប្រឈមនឹងស្ថានការណ៍ដ៏ ចុកចាប់ និងគួរឱ្យសោកស្តាយបំផុត ដែលពលរដ្ឋអង់គ្លេសបានជ្រើសរើសដើរចេញពីសហភាព។
«អឺរ៉ុប មិនអាចធ្វើដូចមុនបានទៀតទេ !» ត្រូវផ្តុំការដឹកនាំទៅលើវិនិយោគ ដើម្បីកំណើន និងការងារ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកហ្វ្រង់ស័រ ហូឡង់ ដោយបានបង្ហើបទៀតថា អឺរ៉ុបត្រូវតែផ្តល់ចម្លើយចាំបាច់ ដើម្បីគ្រប់គ្រងហានិភ័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកុំឱ្យទីផ្សារធ្លាក់ ក្នុងភាពវឹកវរយូរពេក។
ទន្ទឹមគ្នានេះដែរលោកប្រធានាធិបតីបារាំងបានអះអាងនឹងមានជំហរដាច់ខាតជាមួយក្រុងឡុងដ៍ ក្នុងសំណុំបែបបទចរចាដកអង់គ្លេសពីអឺរ៉ុប ទៅតាមច្បាប់ បើទោះបីជាបារាំងនៅតែបន្តធ្វើការជាមួយអង់គ្លេសក្នុងនាមជា មិត្តដ៏ជិតដិតក៏ដោយ។
ចំណែកលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានចាត់ទុកជម្រើសរបស់ពលរដ្ឋអង់គ្លេសថាប្រៀបដូចការវាយមួយ ព្រនង់យ៉ាងដំណំលើអឺរ៉ុប។ ប៉ុន្តែក្រៅអំពីសម្តែងសោកស្តាយ លោកស្រីបានសន្យាថា អឺរ៉ុបរំពឹងលើសមត្ថភាពរបស់សមាជិកទាំង២៧ និងមិនទាញសន្និដ្ឋានអ្វី ដោយគ្រាន់តែឃើញលទ្ធផលនៃធ្វើប្រជាមតិអង់គ្លេសមួយនេះឡើយ។
លោកស្រីមែរកិល បានកោះហៅប្រមុខដឹកនាំអឺរ៉ុបកំពូលៗ ដូចជាបារាំង អ៊ីតាលី ព្រមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប មកជួបពិភាក្សាគ្នានៅថ្ងៃចន្ទទី ២៧មិថុនានៅទីក្រុងប៊ែរឡាំង ដើម្បីពិចារណានិងវិភាគវែកញែកដោយភាពស្ងប់ស្ងាត់ និងអត់ធ្មត់ មុននឹងចេញសេចក្តីសម្រេចអ្វីមួយ។ ប្រមុខការទូតប្រទេសជាស្ថាបនិកសហភាពអឺរ៉ុបទាំង៦ បារាំង អាល្លឺម៉ង់ អ៊ីតាលី លុចសំបួរ ប៊ែលហ្សិក និងហូឡង់ ត្រូវជួបប្រជុំគ្នាជាបន្ទាន់នៅប៊ែរឡាំងនាថ្ងៃសៅរ៍នេះតែម្តង។
សូមបញ្ជាក់ថាប្រតិកម្ម បានធ្លាក់មកពីគ្រប់ទិសទី សម្តែងការសោកស្តាយ និងជូនពរឱ្យអឺរ៉ុបមានស្ថិរភាពនិងអង់គ្លេសឆ្លងអន្តរកាលបានដោយ រលូន និងឆាប់រហ័ស៕