កូរ៉េខាងជើង ថ្កោលទោសជំនួយអាវុធរបស់អាមេរិកសម្រាប់តៃវ៉ាន់ ជាការបង្កហេតុដ៏គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងូរ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានថ្កោលទោសការផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយរបស់សហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ ដោយចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថាកំពុងបង្កភាពតានតឹងនៅក្នុងតំបន់ ឆ្ពោះទៅកាន់មាត់ជ្រោះនៃសង្រ្គាម។
សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានប្រកាសពីការផ្ដល់កញ្ចប់យោធាទំហំ ៣៤៥លានដុល្លារសម្រាប់តៃវ៉ាន់ នៅក្រោមក្របខណ្ឌនៃកញ្ចប់ជំនួយយោធាទំហំ ១ពាន់លានដុល្លារនៃកញ្ចប់ថវិកាឆ្នាំ២០២៣ ដែលសភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តសម្រាប់ដែនកោះមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «ផែនការនេះ (ការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់) គឺជាការបង្កហេតុទាំងនយោបាយ និងយោធាដ៏គ្រោះថ្នាក់បំផុត ព្រមទាំងបំពានលើគោលនយោបាយចិនតែមួយ»។
ការថ្កោលទោសរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ក្នុងទីក្រុង ព្យុងយ៉ាងកាលពីសប្ដាហ៍មុន និងបានសន្យាថានឹងអភិវឌ្ឍទំនាកទំនងរវាងប្រទេសទាំង២ ឱ្យដល់កម្រិតខ្ពស់ថ្មីមួយ៕
រូបថត: Reuters