រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពី ការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ​និងកែប្រែពីផ្ទៃដីទំហំដីជិតបួនម៉ឺនហិកតា​មកផ្ទៃដីទំហំដីជាង​ប្រាំមួយ​ម៉ឺនហិកតា ​ស្ថិតនៅក្នុង ភូមិសាស្រ្តខេត្តសៀមរាប។​ នេះបេី​យោងតាមអនុក្រឹត្យ ​ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា​ដែល​ទទួលបាននៅព្រឹកថ្ងៃទី៨ ​ខែសីហា ​ឆ្នាំ២០២៣។

ជាក់ស្ដែង​យោងតាមអនុក្រឹត្យ ​ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា រាជរដ្ឋាភិបាល​ត្រូវ​បានកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ​ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ​និងកែប្រែពីផ្ទៃដីទំហំ ៣៧ ​៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា មកផ្ទៃដីទំហំ៦២ ៨៨៣ (ប្រាំមួយម៉ឺនពីរពាន់ ប្រាំបីរយប៉ែតសិបបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រ​ខេត្តសៀមរាប ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និង និយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

តាមសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា​ ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៧.៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា ដូចមាន​ចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ​ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះ​នៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ​ដែលមានផ្ទៃដីទំហំ២៥ ៣៨៣ (ពីរម៉ឺនប្រាំពាន់បីរយប៉ែតសិបបី)​ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ​អនក្រ.បក ចុះថ្ងៃទី២៦ ខែមករាឆ្នាំ២០១៧ ស្តីពីការ​បង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

អនុក្រឹត្យ បានបញ្ជាក់ដែរថា ​ការបង្កើនទំហំដី និងកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជា​ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»នេះ​ ក្នុងគោលបំណង ធានាការថែរក្សា និង​ការពារសោភណភាព​ធម្មជាតិ ​វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី ​និងជីវៈចម្រុះ ,ផ្តល់ផលិតផល និងសេវា​កម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព,រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ ,និង​លើក​កម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ​ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ​ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

តាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាលក៏បានប្រគល់ទៅក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ​«ភ្នំគូលែន» ​ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាដល់ការ ​គ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ​ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព​ និងការរស់នៅ ដោយ​ចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អនុក្រឹត្យបានបញ្ជាក់បន្ថែមទៀតថា លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់​សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យ​ប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យ​ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មាន​លិខិត​បទដ្ឋានគតិយុត្ត ថ្មីមក​ជំនួស​ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

...

ជាមួយគ្នានោះដែរ ​រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធាន​គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ​ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវទទួល​បន្ទុកអនុវត្តអនុក្រឹត្យ​ នេះតាមភារកិច្ចរៀងៗខ្លួនចាប់​ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print