សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ តំបន់ជាច្រើនរបស់ជប៉ុនក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាលផងដែរ កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតីនៃប្រទេសនៅថ្ងៃអង្គារនេះ ខណៈដែលមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង។
ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗឆ្ពោះទៅកាន់ភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថា បន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun កំពុងថមថយចុះឥទ្ធិពលបន្តិចម្ដងៗ ប៉ុន្តែនៅតែមានកម្លាំងខ្យល់ក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចកើនដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមការព្យាករ ព្យុះទីហ្វុង Khanun អាចនឹងនាំមកជាមួយនូវទឹកភ្លៀងកម្រិតចន្លោះពី ៣០០មិល្លីម៉ែត្រដល់៤០០មិលី្លម៉ែត្រ នៅថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងតំបន់ ស៊ីកុគូ (Shikoku) និងគ្យូស៊ុ (Kyushu) ព្រមទាំងកម្រិតទឹកភ្លៀងពី ២០០មិល្លីម៉ែត្រ ដល់៣០០មិលី្លម៉ែត្រ នៅក្នុងទីក្រុង អាម៉ាមិ (Amami) រួមទាំងតំបន់
គីនគិ (Kinki) នៃភាគខាងលិចប្រទេសជប៉ុន និងតំបន់តូកៃ (Tokai) នៃតំបន់ភាគកណ្ដាល៕ ដោយធីរីណា
រូបថត: KYODO