ខេត្តសៀមរាប៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំដីជិតបួនម៉ឺនហិកតាមកផ្ទៃដីទំហំដីជាងប្រាំមួយម៉ឺនហិកតា ស្ថិតនៅក្នុង ភូមិសាស្រ្តខេត្តសៀមរាប។ នេះបេីយោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
ជាក់ស្ដែងយោងតាមអនុក្រឹត្យ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបានកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា មកផ្ទៃដីទំហំ៦២ ៨៨៣ (ប្រាំមួយម៉ឺនពីរពាន់ ប្រាំបីរយប៉ែតសិបបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និង និយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។
តាមសេចក្តីសម្រេច បានបញ្ជាក់បន្ថែមថា ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៧.៥០០(បីម៉ឺនប្រាំពីរពាន់ប្រាំរយ)ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ២៥ ៣៨៣ (ពីរម៉ឺនប្រាំពាន់បីរយប៉ែតសិបបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករាឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
អនុក្រឹត្យ បានបញ្ជាក់ដែរថា ការបង្កើនទំហំដី និងកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»នេះ ក្នុងគោលបំណង ធានាការថែរក្សា និងការពារសោភណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ,ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព,រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ ,និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
តាមរយៈអនុក្រឹត្យនេះរាជរដ្ឋាភិបាលក៏បានប្រគល់ទៅក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាដល់ការ គ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅ ដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អនុក្រឹត្យបានបញ្ជាក់បន្ថែមទៀតថា លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅផងដែរ៕ដោយ៖សហការី