ខេត្តបន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់ នូវ សារធាតុញៀន ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្រ្កាបករណី ជួញដូរ និង រក្សាទុកខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិថៃម្នាក់ ព្រមទាំងដកហូតនូវ សម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ផុងផុន ជីតសុំស៊ុក (PONGPON JITSOMSUK) ហៅឆាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបញ្ជាក់ថាៈមុនពេលបង្រា្កប
កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ពីសន្តិសុខយាមក្នុងក្លឹបខាងលេីថា មានជនជាតិថៃ បានជិះម៉ូតូ០១គ្រឿង មកឈប់នៅចំណុចមុខក្លឹប MEX CLUB បម្រុងនឹងជិះចូលក្នុងក្លឹប តែត្រូវបានសន្តិសុខយាមក្លឹប មានការសង្ស័យ ហើយសុំឆែកឆេរ ក៏ឃើញមានគ្រឿងញៀន ទេីបរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ភ្លាមនោះ កម្លាំងបានចុះទៅដល់ទីតាំងខាងលេី ហើយធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកកាន់ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាងមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម និងម្ស៉ៅម៉ត់ពណ៌សថ្លា (កេតាមីន) ចំនួន៤៣កូនថង់កិប ទម្ងន់ ៦០,៨០ក្រាម, -ថ្នាំគ្រាប់ពណ៌ទឹកដោះគោ (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង១៥គ្រាប់ ទម្ងន់៥,៨២ក្រាម, -ថ្នាំគ្រាប់ពណ៌ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង ១៤គ្រាប់ ទម្ងន់៦,៣៩ក្រាម, -ថ្នាំគ្រាប់ពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន០៣ថង់កិប ស្មើនឹង១៧គ្រាប់ ទម្ងន់ ៧,០៩ក្រាម, -ថ្នាំគ្រាប់FRIMIN5 បន្ទះពណ៌បៃតង ចំនួន០២បន្ទះ ស្មើនឹង២០គ្រាប់, -កញ្ចប់ម៉្សៅ CRISPY FRUIT ពណ៌ខៀវ ចំនួន០៧កញ្ចប់, -កញ្ចប់ម៉្សៅ FB រូបសេះ ពណ៌ក្រហមចំនួន០៥កញ្ចប់, -កញ្ចប់ម៉្សៅ ALADIN ពណ៌ក្រហមចំនួន១៧កញ្ចប់, -កញ្ចប់ម៉្សៅផ្លែឈើ 550MG ពណ៌ក្រហម ចំនួន០៦កញ្ចប់, -កញ្ចប់ម៉្សៅ SUPREME ពណ៌ស ចំនួន ០៣កញ្ចប់, -កញ្ចប់ម៉្សៅ COLLAGEN KUMIKO ពណ៌ផ្កាឈូក ចំនួន ០២កញ្ចប់, -កញ្ចប់ម្ស៉ៅ COLLAGEN 10,000mg ពណ៌ស្វាយ ចំនួន ០២កញ្ចប់, -ម្ស៉ៅរូបផ្លែឈើ មានអក្សរកូរ៉េ ចំនួន ០៥កញ្ចប់, -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាក HONDA PCX ពណ៌ស គ្មានផ្លាកលេខ),-ទូរស័ព្ទ ចំនួន ០១គ្រឿង, -ប្រាក់ថៃ ចំនួន ១៩៦០បាត, -កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១។
ក្រោយឃាត់ខ្លួន និង សួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និង មានវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕ដោយ៖វណ្ណា