សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា អាជ្ញាធររដ្ឋហាវ៉ៃបានឱ្យដឹងថា នាពេលនេះតួលេខមនុស្សដែលបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅលើកោះ Maui បានបន្តកើនដល់៨៩នាក់ហើយ ជាហេតុធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។
ភ្លើងឆេះព្រៃខាងលើបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយអណ្តាតភ្លើងរបស់វាបានលេបត្របាក់ស្ទើរទាំងស្រុងលើទីក្រុងប្រវត្តិសាស្រ្ត Lahaina ដែលជាទីកន្លែងដ៏ពេញនិយមមួយប្រចាំរដ្ឋហាវ៉ៃ សម្រាប់ភ្ញៀវទេសចរ។ ទីភ្នាក់ងារសហព័ន្ធផ្នែកគ្រប់គ្រងគ្រោះអាសន្ន FEMA បានវាយតម្លៃថា ថ្លៃចំណាយសម្រាប់ការកសាងទីក្រុងនេះឡើងវិញ គឺខ្ទង់៥.៥ពាន់លានដុល្លារ ដោយសំណង់ច្រើនជាង២,២០០ខ្នង បានរងការខូចខាតឬបំផ្លាញទាំងស្រុង ហើយផ្ទៃដីជាង៨៥០ហិកតាត្រូវបានឆាបឆេះ។
ជាមួយគ្នានេះ ក្រុមមន្រ្តីក៏បានប្តេជ្ញាត្រួតពិនិត្យទៅលើប្រព័ន្ធជូនដំណឹងពេលគ្រាអាសន្នរបស់រដ្ឋហាវ៉ៃផងដែរ បន្ទាប់ពីប្រជាជនមួយចំនួនបានចោទជាសំណួរថា តើមានអ្វីបន្ថែមទៀតដែរឬទេ ដែលគួរតែត្រូវបានធ្វើដើម្បីព្រមានប្រាប់ប្រជាជនមុនពេលភ្លើងឆេះព្រៃលេបត្របាក់ផ្ទះសម្បែងរបស់ពួកគេ ខណៈដែលអ្នកខ្លះបានបង្ខំចិត្តលោតចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ដើម្បីគេចពីគ្រោះថ្នាក់។ ស្ថានីយស៊ីរ៉ែននៅជុំវិញកោះ Maui ដែលទុកសម្រាប់ប្រកាសអាសន្នអំពីគ្រោះធម្មជាតិផ្សេងៗ គឺពុំត្រូវបានបន្លឺឡើយអំឡុងការរាលដាលនៃភ្លើងឆេះព្រៃ ហើយទន្ទឹមគ្នានោះក៏មានការដាច់ចរន្តអគ្គិសនីនិងសេវាទូរស័ព្ទចល័តពាសពេញផងដែរ ដែលបង្កជាបញ្ហាសម្រាប់ការផ្តល់ដំណឹងក្នុងទម្រង់ផ្សេងៗទៀត។
តួលេខអ្នកស្លាប់ចុងក្រោយនេះ ធ្វើឱ្យភ្លើងឆេះព្រៃខាងលើជាប់ឈ្មោះជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃរដ្ឋហាវ៉ៃ ពោលគឺវាបានសម្លាប់មនុស្សច្រើនជាងនៅពេលដែលរលកយក្សស៊ូណាមិ បានផ្តាច់ជីវិតមនុស្ស៦១នាក់ កាលពីឆ្នាំ១៩៦០ មួយឆ្នាំក្រោយទីប្រជុំកោះមួយនេះ ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកជាផ្លូវការ។ ជាមួយតួលេខអ្នកស្លាប់៨៩នាក់ ភ្លើងឆេះព្រៃនៅកោះ Maui ក៏ក្លាយជាភ្លើងឆេះព្រៃដែលឆក់យកជីវិតមនុស្សច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិកផងដែរ គឺលើសភ្លើងឆេះព្រៃ Camp Fire ដែលបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៨៥នាក់ដែរ។ មិនតែប៉ុណ្ណោះ វាគឺជាតួលេខខ្ពស់បំផុតនៃការស្លាប់ដោយសារភ្លើងឆេះព្រៃនៅអាមេរិក គិតចាប់តាំងតែពីឆ្នាំ១៩១៨មក នៅពេលភ្លើងឆេះព្រៃ Cloquet បានសម្លាប់មនុស្សសរុបរហូតដល់៤៥៣នាក់ ក្នុងរដ្ឋ Minnesota និងរដ្ឋ Wisconsin៕ ដោយធីរីណា
រូបថត: kenh14.vn