ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនពេក ខណៈដល់ផ្លូវកោងរេចង្កូតជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង ៤និង១៥នាទីភ្លឺឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧០(ហៅផ្លូវ២៧៣)ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់(ជាជនរងគ្រោះ)បានជិះម៉ូតូម៉ាកស៊ុយសាគី ស្មាសវីពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-9900ជិះឯងធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្របផ្លូវកោងផងនោះក៏បានរេចង្កូតទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូអូសទៅមុខជាច្រើនម៉ែត្ររងការខូចខាតផងដែរ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បណ្ដោះអាសន្ន ។ រីឯសពជនរងគ្រោះ ដោយមិនទាន់មានអត្តសញ្ញាណ សមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមរថយន្តសាមុយដឹកសពយកទៅដំកល់ទុកនៅវត្តទឹកថ្លា រង់ចាំទាក់ទងក្រុមគ្រួសារ ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ