ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដេញតាមក្របួចបានភ្លាមៗ ក្រោយពួគេនិងបក្ខពួកនាំគ្នាធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះមិនបានសម្រេច។
ប្រភពដដែលបន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង២០នាទី បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣ ផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ រ៉ូហ្សា ដេវីដ ហៅ វីដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិច្រាំងចំរេះ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៍ខ្មៅ អត់ពាក់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 6418333 (ជាមធ្យោបាយរបស់ជនសង្ស័យរូបនេះនិងបក្សពួកឈ្មោះ រ៉ា ធ្វើសកម្មភាពឆក់ )។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានយកទឹកនោមជនសង្ស័យទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី