ភ្នំពេញ៖ ជនសង្ស័យជាឃាតកបានចាក់សម្លាប់ប្រពន្ធនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបេីកការស្រាវជ្រាវឃាត់ខ្លួនបានហេីយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនៅពេលដែលជនសង្ស័យកំពុងអង្គុយផឹកស៉ី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ នេះបេីតាមការបញ្ចាក់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងធ្វេីកំណត់ហេតុរួច កម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បេីកការស្រាវជ្រាវរហូតដល់កំណាត់មុខសញ្ញាឃើញជនសង្ស័យនៅមូលដ្ឋានខណ្ឌច្បារអំពៅ រួចសហការជាមួយអាជ្ញាធរ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតែម្ដង ។
គួរបញ្ជាក់ថា បុរសម្នាក់កាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ដេក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបីកូនអាយុ៦ឆ្នាំជិះម៉ូតូគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកេីតហេតុបានឱ្យដឹងថា នៅថ្ងៃកេីតហេតុ នាវេលាកើតហេតុប្រហែលម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គេលឺសំឡេងស្ដ្រីជាប្រពន្ធ បានស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើលឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ហើយអ្នកជិតខាងបានសួរនាងតូចបានប្រាប់ថា «ប៉ាវៃម៉ាក់»។ ភ្លេចនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ បន្ទាប់មកក៏ទទួលព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងបេីកការស្រាវជ្រាវរកជនដៃដល់ដែលជាប្ដីដែលគេស្គាល់ឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ឃាត់ខ្លួននៅខណ្ឌច្បារអំពៅតែម្ដង ។
បច្ចុប្បន្ននេះ ជនដៃដល់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ