ភ្នំពេញ : ព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។
នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ រដ្ឋសភា ក៏បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា : នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។
បើយើងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី ៕
ដោយ : សិលា