ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅបណ្ដាក្រុមហ៊ុន ដែលម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាមលក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះឆាប់ខូច ស្មើនិងក្រុមហ៊ុននោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសមើលងាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួនបានដាក់ឈ្មោះចូលដេញថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងជាច្រើនខ្សែ ពេលបានសិទ្ធិធ្វើហើយ គិតតែពីរឿងធ្វើយ៉ាងណាឲ្យតែចំណេញលុយ មិនគិតពីគុណភាពអ្វីទាល់តែសោះ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមបើកការដ្ឋានផ្លូវចាក់បេតុងប្រវែង ២,៧៥០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូមុខកាត់១ម៉ែត្រ អមសង់ខាងផ្លូវ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីថ្ងៃទី៣០ មិថុនា ឆ្នំា ២០១៦ ។
លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបើកផ្លូវនេះ គឺតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្លងកាត់រហូតទៅដល់ផ្លូវលេខ៣៧១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបង្ការករណីអគ្គិភ័យកើតឡើង។ ដោយឡែកចំពោះការដាក់ប្រព័ន្ធលូនៅផ្លូវនេះ គឺដើម្បីដោះទឹកលិចផ្លូវ និងលំនៅដ្ឋានពលរដ្ឋនៅតំបន់នេះ ។ ជាមួយគ្នានេះ លោក ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ សូមមានការយោគយល់ ចំពោះការប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងការដាក់លូអមផ្លូវផងដែរ ។ លោកបន្ដថា៖ អ្វីដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំបានមកដល់ហើយ ផ្លូវមួយប្រវែងជិត៣គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលនឹងអាចជួយសម្រូលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅបណ្ដាក្រុមហ៊ុន ដែលម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាមលក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះឆាប់ខូច ស្មើនិងក្រុមហ៊ុននោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញ របស់រដ្ឋ និងស្ថាប័នពាក់ព័ន្ធ ពិសេស មើលងាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួន បានដាក់ឈ្មោះចូលដេញ ថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងជាច្រើនខ្សែពេលបានសិទ្ធិធ្វើហើយគិតតែពីរឿងធ្វើយ៉ាងណាឲ្យតែណេញលុយ មិនគិតពីគុណភាពអ្វីទាល់តែសោះ ។ កន្លងមកមានក្រុមមួយចំនួន ពេលដែលធ្វើផ្លូវហើយ ប្រជាពលរដ្ឋប្រើប្រាស់មិនបាន ១ខែ ឬ២ខែផង ផ្លូវនោះត្រូវបានខូចខាត់ស្ទើរទំាងស្រុង រួចហើយទម្លាក់កំហុសមកលើអាជ្ញាធរវិញថាមិនចេះថែទំា និងការពារ ទោះបីថែទំាំនិងការពារយ៉ាងណាក៏ដោយក៏វាមិនឈ្នះដែរ បើអាអ្នកម៉ៅការធ្វើផ្លូវនោះ វាកេញចំណេញ គ្រប់យ៉ាងដូចជា ធ្វើផ្លូវអត់ចាក់គ្រឹះ ចាក់ស៊ីម៉ង់ ឬចាក់កៅស៊ូ មិនតាមស្ដង់ដារ បច្ចេកទេសផងនោះ។ សកម្មភាពទំាងនេះហើយស្មើ និងការមើលងាយមើលស្រាលមកលើអាជ្ញាធរ នៅមូលដ្ឋាន និងប្រជាពលរដ្ឋ ពិសេសស្មើនិងការបំផ្លិចបំផ្លាញជាតិអញ្ចឹងដែរ ។
លោកបានបន្ដថា៖ ប្រសិនបើមានក្រុមណាប្រព្រឹត្តនូវសកម្មភាពបែបនេះទៀត អាជ្ញាធរ និងចាប់ក្រុមហ៊ុននោះឲ្យធ្វើសង់វិញគុណមួយជាពីរទើបបាន បើមិនអញ្ចឹងទេអាជ្ញាធររាជធានីភ្នំពេញ ផ្លូវនៅក្នុងក្រុង គិតតែពីធ្វើការជួសជុលរហូត មិនចេះចប់មិនចេះហើយនោះទេ ៕
ដោយ៖ សំរិត