លោក Luiz Felipe Scolari អតីតគ្រូ បង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលបានប្រកាសថាគាត់ចាប់អាមរ្មណ៍តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស។
គ្រូបង្វឹកវ័យ៦៧ឆ្នាំរូបនេះធ្លាប់ដឹកនាំ ក្រុមជម្រើសជាតិប្រេស៊ីលឈ្នះជើងឯក World Cup ឆ្នាំ២០០២ ហើយថែមទាំងធ្លាប់បានបដិសេធមិនធ្វើជាគ្រូបង្វឹកក្រុម ជម្រើសជាតិ អង់គ្លេសកាលពីឆ្នាំ២០០៦ ប៉ុន្តែពេលនេះគាត់បែរជាបង្ហាញការចាប់អារម្មណ៍ចង់ដឹកនាំក្រុមអង់គ្លេសទៅវិញ។
លោក Scolari និយាយប្រាប់សារព័ត៌ មាន Daily Mail ថា “បច្ចុប្បន្នខ្ញុំគឺជាគ្រូបង្វឹករបស់ក្រុម Guangzhou ហើយខ្ញុំក៏កំពុងតែផ្តោតតែទៅលើការងាររបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំដឹងពីសារសំខាន់នៃតំណែងជាគ្រូ បង្វឹកក្រុមជម្រើសជាតិអង់គ្លេស ។ ដោយសារតែខ្ញុំស្រលាញ់បាល់ទាត់នៅអង់គ្លេស ហើយខ្ញុំក៏ដឹងពីតម្រូវការរបស់ពួកគេដើម្បីទទួលបានជោគជ័យនៅថ្ងៃក្រោយ។ ខ្ញុំធ្លាប់ មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិដូចជាប្រេស៊ីល និងព័រទុយហ្គាល់។ ខ្ញុំកាន់តែចាប់អារម្មណ៍ពេលឮថាសហព័ន្ធបាល់ទាត់អង់គ្លេសនឹងពិចារណារកគ្រូបង្វឹកមានសញ្ជាតិបរទេស” ។
គួររំលឹកថា លោក Scolari ធ្លាប់បរាជ័យក្នុងការដឹកនាំក្រុមនៅអង់គ្លេសគឺដឹកនាំក្រុមតោខៀវបានតែ៦ខែប៉ុណ្ណោះ។
ចំណែកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Wayne Rooney និងជាប្រធានក្រុមជម្រើស ជាតិផងដែរនោះបានថ្លែងថា គ្រូបង្វឹក បន្ទាប់មិនចាំបាច់តែមានសញ្ជាតិអង់គ្លេសនោះទេ ។
សហព័ន្ធបាល់ទាត់របស់អង់គ្លេស (FA)កំពុងតែរកគ្រូបង្វឹកថ្មីមកជំនួសតំណែងរបស់លោក Roy Hodgsonដែល បានប្រកាសលាលែងចេញពីតំណែងគ្រូ បង្វឹកក្រោយក្រុមជម្រើសជាតិអង់គ្លេស ប្រកួតចាញ់ក្រុមអុីស្លង់នៅវគ្គ១៦ក្រុមចុងក្រោយ ។
គ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះបានដឹកនាំក្រុមតោភ្លោះបីអង់គ្លេសអស់រយៈពេល៤ឆ្នាំដោយបានមកជំនួសតំណែងរបស់លោកគ្រូបង្វឹកសញ្ជាតិអុីតាលី Fabio Capello។ ការប្រកាសលាឈប់នេះធ្វើឡើងបន្ទាប់ពីអង់គ្លេសប្រកួតចាញ់ក្រុមអុីស្លង់ដែលជាប្រទេសមួយមានប្រជាជនតែ៣៣ម៉ឺននាក់ និងមានចំណាត់ថ្នាក់បាល់ទាត់ទី៣៤ពិភពលោក ៕
ដោយ៖ ដេវីត