ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការគ្រប់រាជធានី-ខេត្តទាំងអស់ ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ, ការទទួលខុសត្រូវតាមមុខងារតួនាទី ភារកិច្ច និងតាមឋានុក្រមរបស់ខ្លួន។ ការថ្លែងបែបនេះ របស់លោកនាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
អគ្គស្នងការនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា ក្នុងនាមនគរបាលត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។
ក្នុងនោះលោកក៏សំណូមពរដល់មន្រ្តីនគរបាលទាំងអស់ ផ្ដល់ការគាំទ្រ និងសហការជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ និងរវាងអង្គភាព និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។ ជាមួយនេះបន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំងនគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឱ្យបន្តពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹងសមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ជាមួយនឹងការពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ពិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវ មានតម្លាភាព។
បន្ថែមពីនេះ លោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឱ្យមន្ដ្រីទាំងអស់ ត្រូវរួមគ្នាការពារថែរក្សានូវសមិទ្ធផលដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបានយ៉ាងលំបាកលំបិន ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ហើយនឹងបន្តរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពការងារ និងខិតខំអនុវត្តការងារនានាក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់អគ្គស្នងការដ្ឋាន និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។ ទន្ទឹមនេះ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលកើតឡើងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋផងដែរ៕ដោយ៖សហការី