ខេត្តរតនគិរី៖ ក្រោយពីការតាមប្រម៉ាញផ្តិតយករូបភាពរបស់ក្រុមអ្នកសារព័ត៌មានប្រចាំក្នុងខេត្តរតនគិរី រថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់អត់ស្លាកលេខ ហើយឈ្មួញមិនស្គាល់អត្តសញ្ញណដឹកជញ្ជូនឈើប្រណិតពេញចេញពីស្រុកកូនមុំឆ្ពោះមកក្រុងបានលុងបានអស់ល័ក្ខនៅត្រង់ចំណុចផ្លូវកែង ក្រោយពេទ្យ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តចាប់បង្ក្រាប រីឯឈ្មួញបានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិចាប់បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាញក្រុមសារព័ត៌មានដ៏ជាក់លាក់រាយការណ៍ទៅនាយខណ្ឌរដ្ឋបាលខេត្ត ដឹកនាំដោយលោក កែប កត់ ចេញបញ្ជាឲ្យលោកលី សុផាន និងលោក សេង យូ ចុះមកជាបន្ទាន់ដល់កន្លែងកើតហេតុខាងលើ ហើយរឹបអូសយករថយន្តនិងវត្ថុតាងឈើប្រណិតប្រភេទឈើធ្នង់ទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ព្រៃឈើ។
គួរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើក្នុងខេត្តរតនគិរី ឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឥតឈប់ឈរតាមគ្រប់មធ្យោបាយផ្សេងៗទោះជាមានការទប់ស្កាត់ ឬបង្ក្រាបយ៉ាងណាពីក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តក៏ ដោយឈ្មួញនៅតែមិនចេះរាងចាល នេះដោយសារសមត្ថកិច្ចតាមដងផ្លូវបើកភ្លើងខៀវឲ្យធ្វើចរាចរណ៍យ៉ាងរលូនផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រមុខ។ ហើយក្រុមឈ្មួញបានដឹកជញ្ជូនឈើប្រណិតទាំងនេះមកស្តុកទុកក្នុងក្រុងបានលុង ដែលមានក្រុមឈ្មួញវៀតណាមរងចាំទទួលទិញស្រាប់ ហើយដឹកជញ្ជូនបន្តទៅឯប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិ និងច្រករបៀងជាដើម៕
ដោយ៖ វុទ្ធឦសាន