ភ្នំពេញ៖ កម្មវីធីទូរទស្សន៍ដ៏មានប្រជាប្រិយរបស់ទូរទស្សន៍PNNគឺកម្មវិធី«មុខរបរខ្ញុំ»បានបញ្ចប់ដោយជោគជ័យនិងស្វែងរកអ្នកមានសមត្ថភាពលើការងារអាជីវកម្មក្នុងរដូវកាលទី១។ កម្មវិធីនេះក៏នឹងបង្ហាញវត្តមានយុវជនមកពីមជ្ឈដ្ឋានរស់នៅផ្សេងៗពីគ្នាចំនួន១០រូបផ្សេងទៀតដើម្បីធ្វើការប្រកួតប្រជែងនៅរដូវកាលទី២ដែលគេរំពឹងថាទាំងបេក្ខជន និងអ្នកទស្សនានឹងទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើនិងគ្រប់គ្រងជំនួញធុនតូចនិងធម្យម។
កញ្ញាអេមីអ្នកសម្របសម្រួលកម្មវិធីម្នាក់ដែរបានថ្លែងថា មូលហេតុដែលយើងបង្កើតកម្មវិធីនេះឡើងគឺមានគោលបំណងលើកទឹកចិត្តក៏ដូចជាបង្កើននូវអាជីវកម្មខ្នាតតូចនិងមធ្យម។ ដោយសារតែយល់ថាកាន់តែជម្រុញលើកទឹកចិត្តធ្វើអាជីវកម្មកាន់តែច្រើនឡើងនិងជួយលើកតម្កើងសេដ្ឋកិច្ចយើងដែរ។ ចំពោះវិញ្ញាសាដែលយើងផ្តល់ជូនបេក្ខជនយើងតែងតែធ្វើការស្រាវជ្រាវដែលផ្តោតទៅលើអាជីវកម្មដែលយើងបានស្រាវជ្រាវពិភាក្សាពីអ្នកជំនាញនិងឯកទេសខាងមុខជំនួញដែលវិញ្ញាសាតែងតែបង្កប់នូវអត្ថន័យក្នុងការធ្វើអាជីវកម្ម។
លោកកុសលដែលជាអ្នកបច្ចេកទេសថតបានបង្ហាញការយល់ឃើញដែរថា ទាំងរដូលកាលទី១និងទី២ចំពោះបច្ចេកទេសគឺខុសប្លែកពីកម្មវិធីដទៃដោយសារតែជាកម្មវិធីជីវិតពិតដែលត្រូវការរៀបចំឧបករណ៍កាមារ៉ាភ្លើងសំឡេងទាំងអស់ជាក់ស្តែងទៅតាមឆាកនីមួយៗខុសប្លែកពីការថតកុន។ លោកថាយើងគ្រប់ផ្នែកមានការត្រង់ជើងគ្រប់គ្នាគឺលំបាកដើម្បីឲ្យរូបភាពល្អរលូនប៉ុន្តែនៅពីក្រោយខ្នងគឺមានឧបសគ្គជាច្រើន។ លើសពីនេះយើងមានក្រុមការងារដែលមានវិជ្ជាជីវៈមានជំនាញល្អដោយយើងធ្វើអ្វីភ្លាមៗដែលត្រូវការប្រុងប្រយ័ត្នខ្លាចមានបញ្ហាកើតឡើង។
កម្មវិធីនេះនឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ វេលាម៉ោង៨ដល់ម៉ោង៣និង៣០នាទីយប់។ «មុខរបរខ្ញុំ»រដូវកាលទី២នេះនឹងមានបេក្ខជនចូលរួមប្រកួតចំនួន១០រូបដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ កម្មវិធីនេះតម្រូវឲ្យបេក្ខជនធ្វើការជាក្រុមហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសគ្នាចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរខណៈដែលបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់២០លានរៀល។ រៀងរាល់សប្តាហ៍មានបេក្ខជនម្នាក់ធ្លាក់ចេញពីកម្មវិធីដែលមានការសម្រេចនិងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតរបស់បេក្ខជនចូលរួមរហូតដល់សប្តាហ៍ទី៩ទើបរកឃើញជ័យលាភី។
កម្មវិធីនេះពិតជាអាចទាក់ទាញហើយលើកទឹកចិត្តសហគ្រិនវ័យក្មេងដើម្បីបានបង្កើតមុខជំនួញផ្ទាល់ខ្លួននៅថ្ងៃណាមួយ។ កម្មវិធីនឹងអញ្ជើញអ្នកជំនាញមកពីវិស័យខុសគ្នាចូលរួមក្នុងកម្មវិធីដើម្បីជជែកជាមួយបេក្ខជនទាក់ទងនិងបទពិសោធន៍ជីវិតពិត។
លោកជីមមីផលិតករប្រតិបត្តិបាននិយាយថា យើងពិតជាចង់ឲ្យមានកម្មវិធីនេះដំណើរការបន្តតាមរដូវកាលរហូត ដើម្បីបានរៀនសូត្រពីអាជីវកម្មផែនការក្តីស្រមៃ។ គោលបំណងយើងក៏ចង់បានបេក្ខជនក្រៅស្រុកយកចំណេះគេមានមកជួយកម្ពុជាយើងផងដែរ។ វិញ្ញាសានីមួយៗនិងផ្លាស់ប្តូរហើយបេក្ខជននឹងមិនដឹងថាមានអ្វីកើតឡើងសម្រាប់ការងារអាជីវកម្មរបស់ពួកគេ៕
ដោយ៖ វឌ្ឍនា