ព្រោះតែជីវភាពខ្វះខាតយុវជនម្នាក់ហែលទឹកទៅដកព្រលិតជាអកុសលលង់ស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនម្នាក់ព្រោះតែជីវភាពខ្វះខាតបានហែលទឹកទៅដកព្រលិតទាំងខ្លួនពុំសូវចេះហែល ហើយ ជាអកុសលហែលមិនបានប៉ុន្មានម៉ែត្រពីច្រាំងផង ក៏បានលង់ស្លាប់គួរឱ្យសង្វេគ ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី នៅចំណុចក្នុងបឹងកំពង់ធំ ស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះ‌ឈ្មោះ សំណាង សុខចាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះវ៉ន វណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះទូច ចិន្ដា អាយុ២៩ឆ្នាំ ត្រូវជាអ្នកជិតខាងនឹងជនរងគ្រោះបានឱ្យដឹងថា: នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ជនរងគ្រោះបានចុះទៅដកព្រលឹតជាមួយគ្នានៅចំណុចក្នុងបឹងកំពង់ធំ ស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ពេលនោះឈ្មោះ វ៉ន វណ្ណដា បានហែលទឹកទៅដកព្រលឹតនៅត្រើយម្ខាងទៀត។ ចំណែកឯជនរងគ្រោះក៏បានហែលទឹកទៅតាមក្រោយ ខណៈពេលហែលបានបន្តិចក៏ស្រែកថាហត់ណាស់ខ្ញុំមិនចេះហែលទឹកទេ។ ស្របពេលនោះឈ្មោះ វ៉ន វណ្ណដា បានហែលមកជួយតែជួយមិនទាន់ ព្រោះជនរងគ្រោះលិចក្នុងទឹកបាត់ទៅហើយ។ បន្ទាប់ពីជួយសង្គ្រោះជនរងគ្រោះមិនបាន ឈ្មោះ វ៉ន វណ្ណដា និងប្រពន្ធក៏ប្រញាប់ប្រញាល់មកផ្ទះ ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមគ្រួសារជនរងគ្រោះ។ បន្ទាប់មកក្រុមគ្រួសារនិងសាច់ញាតិក៏បាននាំគ្នាទៅរាវរកជនរងគ្រោះរហូតដល់ម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ទើបរកសាកសពឃើញ រួចសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ និងប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print