ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីថ្ងៃទី១៣ ខែកញ្ញា ពីម៉ោង២រសៀលតទៅ។
ការបើកផ្តល់ធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖
១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី របស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។
២៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាន នៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។
ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។
ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិ បើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 និង 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក «មូលនិធិជាតិជំនួយសង្គម»៕
ដោយ ៖ សហការី