ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ដីពី លទ្ធផលជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។
នាឱកាសនោះ លោកប្រធានសមាគម បានរាយការណ៍ជូន សម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
លោកប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលលោក បានសន្ទនាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាម ច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យា កម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម។
សម្តេចតេជោ បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថាជា ស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ភាគីមិត្តអំពីទស្សនវិស័យនៃការកសាង សន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕ ដោយ៖ស តារា