ប៉ូលិសទីក្រុងអិស្តានប៊ូល បានចាប់ខ្លួនមនុស្ស ១១នាក់បន្ថែមទៀតដែលជាក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ដែលជាជនបរទេសជាប់សង្ស័យពាក់ព័ន្ធនិងការវាយប្រាហារភេរវកម្មនៅក្នុងអាកាសយានដ្ឋាន Ataturk ហើយអ្នកដែលឡើងគម្រោងវាយប្រហារនោះគឺមកពីតំបន់ Chechnya ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ជនសង្ស័យ ១១នាក់គឺជាកម្លាំងរបស់ក្រុម IS ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងអិស្តានប៊ូល កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបោសសម្អាតក្រុមភេរវកម្មក្នុងខណ្ឌ Basaksenhir ។ ជនសង្ស័យទាំងនោះអាចជាប់ពាក់ព័ន្ធនិងការបាញ់ប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន Ataturk កាលពីថ្ងៃទី២៨ ខែមិថុនា សម្លាប់មនុស្ស ៤១នាក់និងរាប់រយនាក់រងរបួស។
ក្នុងចំណោមជនសង្ស័យដែលបានចាប់ខ្លួននោះមានមួយចំនួនជាជនជាតិរុស្ស៊ីដែលរស់នៅក្នុងទីក្រុងអិស្តានប៊ូល។ សរុបទាំងការចាប់ខ្លួនលើកនេះទៀត ប៉ូលិសទួគីបានចាប់បានជនសង្ស័យ២៤នាក់ហើយ។ កាលពីថ្ងៃទី៣០ ខែមិថុនា ប៉ូលិសអិស្តានប៊ូលបានចាប់ខ្លួនជនសង្ស័យ ១៣នាក់ ក្នុងនោះមានជនបរទេស៤នាក់។
តាមការស្រាវជ្រាវ ជនសង្ស័យខាងលើបានប្រើប្រាស់អាស័យដ្ឋានដល់ទៅ១៦កន្លែងដែលបានសុំស្នាក់នៅបណ្តោះអាសន្ន ក្នុងនោះមានជនវាយប្រហារគ្រាប់បែកអត់ឃាត៣នាក់ជាជនជាតិរុស្ស៊ី អ៊ុយបេគិស្ថាន និងកៃជីស្ថាន។
ក្នុងថ្ងៃជាមួយគ្នានោះ សារព័ត៌មាន Hurriyet បានផ្សាយថា ជនសង្ស័យឈ្មោះ Ahmed Chataev ជនជាតិ Chechnya ជាអ្នកផ្តើមកំនិត្យនៅក្នុងការវាយប្រហារខាងលើ។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃតួកគី ទោះជានៅមិនទាន់មានក្រុមណាមួយចេញមុខប្រកាសថា បានបង្កភេរវកម្មក៏ភស្តុតាងដែលប្រមូលបានមកអាចធ្វើឲ្យគេគិតថា ភេរវកម្មជាស្នាដៃរបស់ក្រុមជីហាតរដ្ឋអ៊ិស្លាម។
ដោយឡែកយោងតាមសារព័ត៌មានគាំទ្ររដ្ឋាភិបាលមួយ ភេរវកម្មនេះអាចជាប់ពាក់ព័ន្ធនឹងឆេឆេនី រុស្ស៊ី។ សារព័ត៌មានលើកឡើងថា ភេរវជនជាជនជាតិរុស្ស៊ីនោះមានដើមកំណើតមកពី Daghestan ជាសាធារណរដ្ឋសហព័ន្ធរបស់រុស្ស៊ីជាប់ព្រំដែននឹងតំបន់ឆេឆេនី។ រុស្ស៊ី ធ្លាប់ធ្វើសង្គ្រាមប្រឆាំងក្រុមផ្តាច់ទឹកដីនិយមនៅទីនោះ។
ពេលនេះ ប៉ូលិសទួគីបានប្រតិបត្តិការចាប់ខ្លួនមនុស្សច្រើននាក់នៅក្រុងអិស្តានប៊ូល។ នៅកំពង់ផែអ៊ីស្មៀ នៅសមុទ្រអេហ្សេ ប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៩នាក់ដែរ។ ជនទាំងអស់នេះរងការចោទប្រកាន់ថា បានឧបត្ថម្ភក្រុមជិហាតរដ្ឋអ៊ិស្លាម៕
ប្រែសម្រួល៖ សាធី