ខណៈដែលភាពចលាចលនៅតែបន្តកើតមានឡើងចំពោះទីផ្សារអង់គ្លេសនោះ អ្នកវិនិយោគមួយចំនួននៅក្នុងប្រទេសចិនកំពុងតែចាប់ផ្តើមសម្លឹងមើលទីផ្សារអង់គ្លេសមួយនេះ។
លោកស្រី Zhu Mei អ្នកវិនិយោគមកពីទីក្រុង ShenZhen កំពុងតែស្វែងរកទិញផ្ទះមួយនៅក្នុងប្រទេសជប៉ុនសម្រាប់ស្នាក់នៅមួយរយៈ ប៉ុន្តែបន្ទាប់ពីលទ្ធផលនៃការធ្វើប្រជាមតិនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបបានធ្វើឱ្យប្រាក់ផោនធ្លាក់ចុះនោះ លោកស្រីបានផ្លាស់ប្តូរគំនិតគាត់ ដោយចង់ទិញផ្ទះនៅប្រទេសអង់គ្លេសវិញ។
លោកស្រីបានបញ្ជាក់ថា ការទិញផ្ទះនៅទីក្រុងឡុងទំនងជាផ្តល់ឱកាសប្រសើរជាងនៅជប៉ុននៅពេលនេះ។
មិត្តភក្តិរបស់លោកស្រីជាច្រើននាក់បានទិញអចលនទ្រព្យនៅប្រទេសអង់គ្លេស ឬ សហរដ្ឋអាមេរិក កន្លែងដែលកូនរបស់ពួកគេអាចទទួលបានការអប់រំបានយ៉ាងល្អ។
ប្រសិនបើអ្នកផ្សេងទៀតគិតដូចលោកស្រីម្នាក់នេះ ដោយចាប់ផ្តើមសម្លឹងមើលទីផ្សារអចលនទ្រព្យនៅអង់គ្លេសនោះ វានឹងបង្ហាញពីនិន្នាការងើបឡើងវិញនៃតម្លៃអចលនទ្រព្យនៅប្រទេសនេះក្នុងឆ្នាំនេះ។ មុននេះ ដោយយោងទៅតាមអ្នកវិភាគបានឱ្យដឹងថា អ្នកវិនិយោគបរទេសដែលចាប់អារម្មណ៍ទៅលើទីផ្សារអលចនទ្រព្យនៅប្រទេសអង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានភាពមិនច្បាស់លាស់ចំពោះការធ្វើប្រជាមតិរបស់អង់គ្លេស។
តម្លៃនៃការវិនិយោគរបស់អាស៊ីនៅក្នុងទីផ្សារពាណិជ្ជកម្មរបស់អង់គ្លេសបានធ្លាក់ចុះ ២៨ភាគរយ នៅត្រីមាសដំបូង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនៃការវិនិយោគទាំងគេហដ្ឋានសម្រាប់រស់នៅ និងសម្រាប់ធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ ២ភាគរយផងដែរ ក្នុងរយៈពេលដូចគ្នានេះ។
លោក David Green-Morgan នាយកស្រាវជ្រាវនៅទីផ្សារមូលធន Long Lasalle Global Capital Market បានឱ្យដឹងថា ដោយសារតែបញ្ហាប្រជាមតិ និងតម្លៃនោះ បានធ្វើឱ្យមានទម្ងន់ទៅលើទំហំពាណិជ្ជកម្មនេះ។ បន្ទាប់ពី ៧ ទៅ ៨ឆ្នាំនៃការវិនិយោគ តម្លៃនេះបានកើនឡើងដល់ចំណុចខ្ពស់បំផុតនៅក្នុងទីផ្សារនេះ។
តម្លៃផ្ទះសម្បែងនៅទីក្រុងឡុងបានកើនឡើង ១៤,៥ភាគរយនៅក្នុងខែមេសាកន្លងមក។
យ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃប្រាក់ផោនចាប់តាំងពីថ្ងៃសុក្រនោះ បានជំរុញឱ្យមានអ្នកតថ្លៃផ្ទះសម្បែងនៅទីក្រុងឡុងជាច្រើន។
ដោយយោងទៅតាមគេហទំព័រ Juwai.com បានឱ្យដឹងថា កាលពីសប្តាហ៍មុន ចំនួនអ្នកស្វែងរកផ្ទះនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងទ្វេដង។ នេះបានបង្ហាញថា អ្នកទិញមានការចាប់អារម្មណ៍ចំពោះអចលនទ្រព្យអង់គ្លេស។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកឧស្សាហកម្មនេះបានរំលឹកឱ្យមានការប្រុងប្រយ័ត្ននិងការព្រួយបារម្ភមួយចំនួនផងដែរ ទី១ គឺថា លទ្ធផលនៃការធ្វើប្រជាមតិនេះនឹងធ្វើឱ្យក្រុមហ៊ុនសំខាន់ៗមួយចំនួន ជាពិសេសធនាគារអន្តរជាតិ នឹងចាកចេញពីអង់គ្លេស។ មួយទៀតគឺថា ភាពជាប់គាំងផ្នែកសេដ្ឋកិច្ចអាចនឹងកើតមានឡើងបន្ទាប់ពីការធ្វើប្រជាមតិនេះ ដែលនេះក៏អាចធ្វើឱ្យតម្លៃអលចនទ្រព្យធ្លាក់ចុះផងដែរ។
លោក Green-Morgan បានមានប្រសាសន៍ថា ចំពោះផ្នែកពាណិជ្ជកម្ម អ្នកវិនិយោគនឹងឈប់មួយរយៈពេលដើម្បីរងចាំមើលពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច។ ចំពោះការទិញផ្ទះស្នាក់នៅវិញ យើងរំពឹងថានឹងមានតម្រូវការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ។
ខណៈនោះដែរ អ្នកវិនិយោគចិន ដែលបានទិញអចលនទ្រព្យនៅទីក្រុងឡុងរួចរាល់ហើយនោះ អាចនឹងរងគ្រោះ ដោយសារតែការធ្លាក់ចុះនៃប្រាក់ផោនបានធ្វើឱ្យប៉ះពាល់ដល់តម្លៃផ្ទះរបស់ពួកគេ និងចំណូលរបស់ប្រជាពលរដ្ឋនៅទីនោះ៕
ដោយ៖ រ័ត្ន