អ្នក​ទិញ​អចលនទ្រព្យ​ជនជាតិ​ចិន​បាន​សម្លឹងមើល​​អចលនទ្រព្យ​អង់គ្លេសជាថ្មី​ម្តងទៀត​

ចែករំលែក៖

ខណៈដែល​ភាពចលាចល​នៅតែ​បន្ត​កើត​មានឡើង​ចំពោះ​ទីផ្សារ​អង់គ្លេសនោះ​ អ្នក​វិនិយោគ​មួយ​ចំនួន​នៅក្នុងប្រទេសចិន​កំពុងតែចាប់ផ្តើម​សម្លឹង​មើល​ទីផ្សារ​អង់គ្លេស​មួ​យនេះ​។​​

...

លោកស្រី​ Zhu Mei អ្នក​វិនិយោគ​​មកពី​ទីក្រុង​ ShenZhen កំពុងតែស្វែងរក​ទិញផ្ទះ​មួយ​នៅក្នុង​ប្រទេសជប៉ុន​សម្រាប់​ស្នាក់នៅមួយ​រយៈ ប៉ុន្តែ​បន្ទាប់​ពី​លទ្ធផល​នៃការធ្វើប្រជាមតិ​​នៃការចាក​ចេញ​របស់អង់គ្លេស​ពីសហភាពអឺរ៉ុប​បាន​ធ្វើឱ្យ​ប្រាក់ផោន​ធ្លាក់ចុះ​នោះ លោក​ស្រី​​​បាន​ផ្លាស់ប្តូរ​គំនិត​គាត់​ ដោយចង់ទិញ​ផ្ទះ​នៅ​ប្រទេស​អង់គ្លេសវិញ​​។

លោកស្រី​​បាន​បញ្ជាក់ថា ការទិញផ្ទះ​នៅទីក្រុង​ឡុង​​ទំនងជា​ផ្តល់​ឱកាស​ប្រសើ​រជាង​នៅជប៉ុន​នៅពេលនេះ។

មិត្តភក្តិរបស់លោកស្រី​ជាច្រើន​នាក់​បាន​ទិញ​អចលនទ្រព្យ​នៅប្រទេសអង់គ្លេស ឬ សហ​រដ្ឋអាមេរិក កន្លែងដែលកូនរបស់ពួកគេ​អាចទទួលបាន​ការ​អប់រំបានយ៉ាងល្អ​។ ​

ប្រសិន​បើ​អ្នកផ្សេងទៀត​គិត​ដូច​លោកស្រីម្នាក់នេះ ដោយ​ចាប់ផ្តើម​សម្លឹង​មើលទីផ្សារ​អចលនទ្រព្យ​នៅអង់គ្លេស​នោះ វានឹង​បង្ហាញ​ពី​និន្នាការ​​ងើបឡើងវិញ​នៃតម្លៃ​អចលនទ្រព្យ​នៅប្រទេស​នេះក្នុងឆ្នាំនេះ​។ មុននេះ ដោយយោងទៅតាម​អ្នកវិភាគ​បាន​ឱ្យដឹងថា អ្នកវិនិយោគបរទេស​ដែលចាប់អារម្មណ៍ទៅលើ​ទីផ្សារ​អលចនទ្រព្យ​នៅប្រទេសអង់គ្លេស​បានធ្លាក់ចុះយ៉ាងខ្លាំង​ ដោយសារតែមានភាពមិនច្បាស់លាស់​ចំពោះការ​ធ្វើប្រជាមតិ​របស់​អង់គ្លេស​​។​

តម្លៃនៃការ​វិនិយោគ​របស់​អាស៊ី​នៅក្នុងទីផ្សារ​ពាណិជ្ជកម្មរបស់អង់គ្លេស​បាន​ធ្លាក់ចុះ ២៨​ភាគរយ​​ នៅត្រីមាសដំបូង​ បើធៀបនឹងរយៈពេលដូច​គ្នាកាលពីឆ្នាំមុន។​ តម្លៃនៃការវិនិយោគ​ទាំង​គេហដ្ឋាន​សម្រាប់​រស់នៅ និងសម្រាប់ធ្វើ​ពាណិជ្ជកម្ម​បានធ្លាក់ចុះ​ ២​ភាគរយ​ផងដែរ ក្នុង​រយៈពេលដូចគ្នា​នេះ​។​

លោក David Green-Morgan នាយក​ស្រាវជ្រាវ​នៅទីផ្សារមូលធន​ Long Lasalle Global Capital Market បាន​ឱ្យដឹងថា ដោយសារតែ​បញ្ហា​ប្រជាមតិ និងតម្លៃ​នោះ បាន​ធ្វើឱ្យ​មានទម្ងន់ទៅលើ​ទំហំ​ពាណិជ្ជកម្ម​នេះ​។ បន្ទាប់​ពី​ ៧ ទៅ​ ៨​ឆ្នាំ​នៃការវិនិយោគ តម្លៃ​នេះ​បានកើនឡើង​ដល់ចំណុច​ខ្ពស់​បំផុត​នៅក្នុងទីផ្សារនេះ​។​

តម្លៃ​ផ្ទះ​សម្បែង​នៅទីក្រុង​ឡុងបានកើនឡើង ១៤,៥​ភាគរយ​នៅក្នុង​ខែ​មេសា​កន្លងមក។​

យ៉ាងណាក៏ដោយ ការធ្លាក់ចុះ​នៃប្រាក់ផោន​ចាប់តាំងពីថ្ងៃសុក្រ​នោះ បានជំរុញ​ឱ្យមាន​អ្នក​តថ្លៃផ្ទះសម្បែង​នៅទីក្រុង​ឡុង​ជាច្រើន​។​

ដោយយោងទៅតាម​គេហទំព័រ​​ Juwai.com បាន​ឱ្យដឹងថា​ កាលពីសប្តាហ៍មុន ចំនួន​អ្នកស្វែងរក​ផ្ទះ​នៅក្នុងប្រទេស​អង់គ្លេស​​បានកើនឡើង​ទ្វេដង​។ នេះបានបង្ហាញថា អ្នកទិញមានការចាប់អារម្មណ៍​ចំពោះ​អចលនទ្រព្យ​អង់គ្លេស។​

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្មនេះបានរំលឹក​ឱ្យមានការប្រុង​ប្រយ័ត្ន​និង​ការព្រួយបារម្ភមួយចំនួន​ផងដែរ ទី១ គឺថា លទ្ធផល​នៃការ​ធ្វើប្រជាមតិនេះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​សំខាន់ៗមួយ​ចំនួន​ ជាពិសេស​ធនាគារ​អន្តរជាតិ នឹង​ចាកចេញពីអង់គ្លេស។ មួយទៀតគឺថា ភាពជាប់គាំងផ្នែក​សេដ្ឋកិច្ច​អាចនឹងកើតមានឡើង​បន្ទាប់ពីការ​ធ្វើប្រជាមតិនេះ ដែលនេះ​ក៏អាច​ធ្វើឱ្យ​តម្លៃ​អលចនទ្រព្យ​ធ្លាក់ចុះ​ផងដែរ។​​

លោក​ Green-Morgan បានមានប្រសាសន៍ថា ចំពោះ​ផ្នែកពាណិជ្ជកម្ម​ អ្នក​វិនិយោគ​នឹង​ឈប់មួយរយៈពេលដើម្បីរងចាំមើល​ពីស្ថាន​ភាព​នយោបាយ និងសេដ្ឋកិច្ច​។ ចំពោះ​ការទិញផ្ទះ​ស្នាក់នៅវិញ យើងរំពឹងថានឹង​មាន​តម្រូវការ​កើនឡើង​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍ក្រោយនេះ​។​

ខណៈនោះដែរ អ្នកវិនិយោគ​ចិន​ ដែល​បានទិញ​អចលនទ្រព្យ​នៅទីក្រុង​ឡុងរួចរាល់ហើយនោះ ​អាចនឹង​​រង​គ្រោះ ដោយសារតែការធ្លាក់ចុះ​នៃប្រាក់ផោន​បានធ្វើឱ្យប៉ះពាល់ដល់​តម្លៃផ្ទះរបស់ពួកគេ​ និង​ចំណូល​របស់​ប្រជាពល​រដ្ឋនៅទីនោះ៕

chinese

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print