ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យអាក្រក់មួយបណ្តាលឲ្យមនុស្សស្រីប្រុសចំនួន៣៧នាក់ រងរបួសធ្ងន់ស្រាលដោយសារអ្នកបើកបរងងុយដេកងោកមួយភាំងធ្វើឲ្យរេចង្កូតធ្លាក់ពីលើថ្នល់ជាតិលេខ១ក្រឡាប់ផ្ងាជើងតែម្តង។
...
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេង១ ត្រង់ចំណុចភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពាក់ព័ន្ធនឹងករណីនេះអធិការរងស្រុកស្វាយជ្រំលោក សុ ផាន់ណា បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ានដាយមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3A-3371 របស់ក្រុមហ៊ុន អ៊ិចសប្រេស បើកក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងាជើងចូលហាវថ្នល់ បណ្តាលឲ្យអ្នកធ្វើដំណើនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាលចំនួន៣៧នាក់ក្នុងនោះជនបរទេស២៣នាក់។ បន្ទាប់មកសមត្ថកិច្ចចុះអន្តរាគមន៍ហៅរថយន្តសាមុយដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
ប្រភពបន្តថា ចំពោះអ្នកបើករថយន្តក្រោយកើតហេតុដោយឃើញសភាពការណ៍មិនស្រួលក៏លូនចេញពីរថយន្តរត់គេចខ្លួនបាត់ចំណែករថយន្តត្រូវបាននគរបាលស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តចាត់ការតាមច្បាប់៕
ដោយ៖ យឹម សុថាន
...