ភ្នំពេញ : នៅរសៀលថ្ងៃទី០៦ តុលា ឆ្នាំ២០២៣នេះ លោក Will Parks តំណាងប្រចាំប្រទេសនៃអង្គការ UNICEF ថ្លែងអះអាងថា នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន ។ ការថ្លែងឡើងនេះ គឺធ្វើនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង ។
ជាមួយគ្នានេះ តំណាងប្រចាំប្រទេសនៃអង្គការ UNICEF បានគូសបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដែលប្រទេសទាំងអស់នៅលើសកលលោកមានការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ ។ លើសពីនេះ UNICEF នឹងកៀរគរថវិកាទាំងនោះ ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យបរិស្ថាន ហើយនៅឆ្នាំ ២០២៤ ដល់ ២០២៨ ក្នុងភាពជាដៃគូ UNICEF មានគំនិតផ្តួចផ្តើមចំនួន ២ចម្បង ដែលទី១ ផ្តោតលើសកម្មភាពដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ Climate action និង ទី២ ការគាំទ្រជាមូលនិធិលើការប្រែប្រួលអាកាសធាតុ (Climate financial) ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះតំណាងអង្គការ UNICEF ដែលបានយកចិត្តទុកដាក់ជាពិសេស លើវិស័យបរិស្ថាននៅកម្ពុជា និងក្នុងតំបន់អាស៊ាន ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោករដ្ឋមន្រ្តីរីករាយស្វាគមន៍ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ លើអាទិភាពការងាររបស់ក្រសួងឆ្លើយតបយុទ្ធសាស្រ្តចក្រាដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍដែលបានគាំទ្រដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕ដោយ ស សម