ទេសរដ្ឋមន្រ្តី លី ធុជ៖​ កម្ពុជាប្រកាសស្វាគមន៍ប្រទេសលើពិភពលោកជួយដល់កម្ពុជា លើការសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ​អាជ្ញាធរមីន​ ក្នុងនាមតំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការជួយ​ឧបត្ថម្ភ​គាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅនិងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។

ការថ្លែងបែបនេះ ខណៈលោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចូលរួម​កិច្ច​ប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ដែលមានការចូលរួម​ពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Igor Driesman ប្រធានជ្រើសតាំងនៃសហភាពអ៊ឺរ៉ុប, លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥, លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងស្ថានទូតប្រចាំកម្ពុជា, តំណាងUNDP ប្រចាំកម្ពុជា លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា​ និងអង្គការ ICRC នៅនិវេសនដ្ឋានសហភាពអឺរ៉ុបប្រចាំកម្ពុជានាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរង​គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ដែលប្រព្រឹត្តឡើងពី​ថ្ងៃទី១៧ដល់១៩តុលា២០២៣នេះ។

អនុប្រធានទី១ ​អាជ្ញាធរមីន​រូបនេះ បានបញ្ជាក់ន្ថែមថា ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់សន្និសីទ​ត្រួតពិនិត្យ​ឡើងវិញ​លើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភព​លោក​ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា​សម្រាប់​ឆ្នាំ​២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវរៈ ​និងផែនការសកម្មភាពអាទិភាពចំនួន ៤ មកពិភាក្សា ទី១ ការផ្សព្វផ្សាយ​ជំរុញការ​អនុវត្តអនុសញ្ញាអូតាវ៉ា ​ទី២ជំរុញការងារបោសសម្អាតមីន​ដើម្បី​ឆ្ពោះទៅរកពិភពលោកគ្មានមីន ទី៣ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី៤នោះគឺកិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន ​សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។

ជាការគាំទ្រដល់កម្ពុជានៅក្នុងកិច្ចប្រជុំនោះ ​លោក Msserer ​ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា​បានលើកឡើងអំពីលទ្ធផលការងារសម្រេចបានបញ្ហាប្រឈម​ និងបញ្ហានៅសេសសល់មួយចំនួន ដែលប្រទេសអាល្លឺម៉ង់​បានបំពេញក្នុងក្របខណ្ឌ​អនុសញ្ញា​អូតាវ៉ានិងក្នុងនាមជាប្រធាន​កិច្ចប្រជុំរដ្ឋ​ភាគី​លើកទី២១នៃអនុសញ្ញាអូតាវ៉ា ​លោកបានស្វាគមន៍ ​និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រ​កម្ពុជាក្នុងនាមជាប្រធាន ​និងធ្វើម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់​ឆ្នាំ២០២៤។

ដោយឡែកលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi)វិញក្នុងនាមជាប្រធានជ្រើសតាំង​អនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ ​ បានសម្តែងនូវការគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បី​ទទួលបានជោគជ័យក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុន​បានត្រៀមខ្លួចរួចជាស្រេចសម្រាប់ការធ្វើជាប្រធាន ​និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា។

...

លោក អាត់ស៊ូហ្ស៊ី Atsushi ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះសមិទ្ធ ផលបោសសម្អាតមីន​នៅ​កម្ពុជា និងកោតសរសើរចំពោះការធ្វើជាម្ចាស់របស់កម្ពុជា ក្នុងសន្និសីទសកលលើកទី៣ ស្តីពីកិច្ច​សង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។​ បន្ថែមពីនេះ​ លោកក៏​ស្នើសុំឱ្យអង្គប្រជុំទាំងមូល​យកប្រទេសកម្ពុជាជាគំរូ ពីព្រោះប្រទេសកម្ពុជា​ទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយការបញ្ចប់សង្រ្គាម ​ការស្វែងរកសន្តិភាព និង កិច្ចការបោសសម្អាតមីនជាដើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print