ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ រស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀង និងជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ១៧ គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត។ នេះបេីយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា ទឹកចាប់ផ្ដើមជន់លិចហូរកាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្រុកគងពិសី នៅថ្ងៃទី ១៥ ខែតុលា បណ្តាលឱ្យអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីចៀសវាងការខូចខាតផ្លូវ និងគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរ។
បន្ថែមពីនេះ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រមាណជាង ៥០០ គ្រួសារ និងជម្លៀសប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ ទៅរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៦តុលានេះ ទឹកបន្តស្រកជាបណ្តើរៗហើយ បានហូរធ្លាក់ទៅខេត្តកណ្តាល និងខេត្តតាកែវ បង្កឱ្យជន់លិចនៅតាមតំបន់មួយចំនួន នៃខេត្តទាំងពីរនេះ៕ដោយ៖សហការី