ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការជួយឧបត្ថម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅនិងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។
ការថ្លែងបែបនេះ ខណៈលោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ដែលមានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Igor Driesman ប្រធានជ្រើសតាំងនៃសហភាពអ៊ឺរ៉ុប, លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥, លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងស្ថានទូតប្រចាំកម្ពុជា, តំណាងUNDP ប្រចាំកម្ពុជា លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអង្គការ ICRC នៅនិវេសនដ្ឋានសហភាពអឺរ៉ុបប្រចាំកម្ពុជានាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលប្រព្រឹត្តឡើងពីថ្ងៃទី១៧ដល់១៩តុលា២០២៣នេះ។
អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ន្ថែមថា ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវរៈ និងផែនការសកម្មភាពអាទិភាពចំនួន ៤ មកពិភាក្សា ទី១ ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា ទី២ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន ទី៣ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី៤នោះគឺកិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។
ជាការគាំទ្រដល់កម្ពុជានៅក្នុងកិច្ចប្រជុំនោះ លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានលើកឡើងអំពីលទ្ធផលការងារសម្រេចបានបញ្ហាប្រឈម និងបញ្ហានៅសេសសល់មួយចំនួន ដែលប្រទេសអាល្លឺម៉ង់បានបំពេញក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ានិងក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១នៃអនុសញ្ញាអូតាវ៉ា លោកបានស្វាគមន៍ និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងធ្វើម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់ឆ្នាំ២០២៤។
ដោយឡែកលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi)វិញក្នុងនាមជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ បានសម្តែងនូវការគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុនបានត្រៀមខ្លួចរួចជាស្រេចសម្រាប់ការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា។
លោក អាត់ស៊ូហ្ស៊ី Atsushi ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះសមិទ្ធ ផលបោសសម្អាតមីននៅកម្ពុជា និងកោតសរសើរចំពោះការធ្វើជាម្ចាស់របស់កម្ពុជា ក្នុងសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។ បន្ថែមពីនេះ លោកក៏ស្នើសុំឱ្យអង្គប្រជុំទាំងមូលយកប្រទេសកម្ពុជាជាគំរូ ពីព្រោះប្រទេសកម្ពុជាទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាព និង កិច្ចការបោសសម្អាតមីនជាដើម៕ដោយ៖សហការី