ខេត្តកំពង់ស្ពឺ÷ តំណាងគណៈកម្មការសហគមន៍ព្រៃឈើប្រាំបីមុម ដែលមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា សត្វទន្សោង ក្នុងព្រៃសហគមន៍ប្រាំបីមុមបានងាប់ជាច្រើន ក្បាល ដោយសារកំពុងប្រឈមមុខនឹងអន្ទាក់ក្នុងក្រុម ហ៊ុនចម្ការអំពៅកំពង់ស្ពឺ ស៊ូហ្គ័រ នៅក្នុងភូមិសាស្រ្តស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តំណាងសហគមន៍ប្រាំបីមុមបានឲ្យដឹងថា សហគមន៍បានប្រទះឃើញសត្វទន្សោងងាប់ជាបន្តបន្ទាប់ ដោយសត្វទន្សោងទាំងនេះ បានជាប់អន្ទាក់ដែលដាក់នៅក្នុងដីក្រុមហ៊ុនចម្ការកំពង់ស្ពឺសូហ្គ័រ ហើយរត់ចូលមកក្នុងព្រៃសហគមន៍ ។ សត្វទន្សោងខ្លះ បានរត់មកទាំងជាប់ អន្ទាក់ជើងក៏មាន។
ជាក់ស្តែងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ គណៈ កម្មការសហគមន៍ព្រៃឈើប្រាំបីមុម សហការជាមួយកម្លាំងប្រជាការពារភូមិដេញចាប់សត្វទន្សោងស្ទាវមួយក្បាល ដែលជាប់អន្ទាក់ជើងដើម្បីកាត់ខ្សែអន្ទាក់ចេញ នឹងដាក់ថ្នាំព្យាបាលរបួស ។ ប៉ុន្តែ គួរឲ្យសោកស្ដាយថ្ងៃ ទី ៧ ខែតុលា ឆ្នាំ ២០២៣។ សត្វទន្សោងមេ១ក្បាលជាប់អន្ទាក់ព្រានទាំងជើងមុខទាំងជើងក្រោយ ដាច់ខ្សែរស់នៅលំបាកវេទនាអស់ជាច្រើនខែ បានស្លាប់ដោយ សារស្នាដៃពួកព្រានដាក់អន្ទាក់បាត់ហើយ។
ដោយឡែកកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការសហគមន៍ប្រាំបីមុមដើរល្បាតបានជួបទន្សោងឈ្មោល១ក្បាលបានស្លាប់ ដោយសារ ជាប់ អន្ទាក់ពួកព្រានមកស្លាប់នៅក្នុងតំបន់អភិរក្ស។
តំណាងសហគមន៍បន្ថែមទៀតថា កន្លងមកសហគមន៍បានសហការជាមួយសន្តិសុខយាមចម្ការអំពៅកំពង់ស៊ូហ្គ័រ ហើយបានចូលដោះអន្ទាក់ជាបន្តបន្ទាប់ ប៉ុន្តែក្រោយ មកសន្តិសុខក្រុមហ៊ុនមិនអនុញ្ញាតឲ្យសហគមន៍ចូល ល្បាតដើម្បីដោះអន្ទាក់ទៀតទេ ។ លើសពីនេះទៅទៀត បានគំរាមកំហែងសហគមន៍ថែមទៀតផង។
ជាមួយគ្នានេះដែរ សហគមន៍ក៏សូមអំពាវនាវដល់បង ប្អូនដែលចូលចិត្ដដាក់អន្ទាក់ចាប់សត្វព្រៃធ្វើជាមុខរបរមេត្តាបញ្ឈប់ទៅ នេះគឺជាមុខរបខុសច្បាប់ ។ សូមបង ប្អូនងាកមកជួយថែរក្សាការពារនឹងអភិរក្សនូវសម្បត្តិធនធានធម្មជាតិទាំងអស់គ្នាទុកគ្រាន់ឱ្យមនុស្ស ជំនាន់ក្រោយបានស្គាល់ផង នឹងជាសម្បត្តិប្រទេសជាតិខ្មែរយើងទាំងអស់គ្នា៕ដោយ៖សុរិយា