គ្រោះធម្មជាតិបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ជាបន្តបន្ទាប់ ។ ប្រទេសនេះទើបតែទទួលរងការវាយប្រហារពីការរញ្ជួយដី២លើក មិនទាន់ទាំងសុខសានត្រានផង ស្រាប់តែពេលនេះមានការបាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យពលរដ្ឋ១៥នាក់បាត់បង់ជីវិត ។
ក្រសួងមហាផ្ទៃនេប៉ាល់បានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ថា ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ និងបាក់ដីបណ្តាលឲ្យស្លាប់មនុស្ស១៥នាក់ ស្ថិតនៅភាគខាងលិចប្រទេសនេប៉ាល់ ហើយចំនួនជនរងគ្រោះអាចនឹងកើនឡើងច្រើនជាងនេះ ។
ការបាក់ដីគំរាមកំហែងដល់ភូមិឋាន២កន្លែងស្ថិតនៅក្បែររមណីយដ្ឋានទីក្រុង Pokhara ចម្ងាយ១២៥គីឡូម៉េត្រ ភាគខាងលិចទីក្រុង Kathmandu ។ លំនៅឋានពលរដ្ឋយ៉ាងតិច២២ខ្នងរងការបំផ្លាញ ។ រដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភថា គ្រោះធម្មជាតិនាពេលនេះអាចធ្វើឮ្យមានការបាក់ដីនិងសម្លាប់មនុស្សបន្ថែមទៀតអំឡុងរដូវវង្សានេះ ស្ថិតនៅទីតាំងដែលទើបរងការវាយប្រហារពីការរញ្ជួយដីពីរលើក សម្លាប់មនុស្សជិត៩ពាន់នាក់នោះ ៕