ខេត្តព្រះវិហារ៖ នៅដើមខែកក្កដា ឆ្នាំ ២០១៦នេះកសិករនៅទូទាំងខេត្តព្រះវិហារចាប់ផ្ដើមប្រមូលផលសណ្តែកបាយ ដើម្បីទុកលក់ឲ្យឈ្មួញកណ្តាលដែលតម្លៃសណ្តែកបាយនៅលើទីផ្សារក្នុងស្រុកឆ្នាំនេះមានហាងឆេងល្អជាងឆ្នាំ២០១៥។
សេចក្ដីរាយការណ៍បានឲ្យដឹងថា តម្លៃហាងឆេងសណ្តែកបាយកាលពីឆ្នាំ២០១៥ ថ្លៃ៣០០០រៀល ក្នុង១គីទ្បូក្រាមហើយនៅឆ្នាំ ២០១៦នេះតម្លៃសណ្តែកបាយក្នុងស្រុកបានហក់ទ្បើងថ្លៃរហូតដល់៣៥០០រៀលក្នុង ១គីទ្បូក្រាមគឺអាចជួយលើកស្ទួយជីវភាពកសិករឲ្យកាន់តែធូរធារមួយកម្រិត ថែមទៀត ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឲ្យដឹងថា ឆ្នាំនេះ កសិករនៅទូទាំងខេត្តព្រះវិហារដាំដុះ សណ្តែកបាយបានចំនួន៨ពាន់ហិកតាដែលបានដាំតាំងពីខែមេសា ចុងរដូវប្រាំង ២០១៦។ មកដល់ខែកក្កដានេះកសិករ ចាប់ផ្តើមប្រមូលផលបណ្តើរៗដែលទទួលបានទិន្នផលចាប់ពី១,២០តោនដល់១,៥០តោនក្នុង១ហិកតា។ លោកប្រធានមន្ទីរបន្តថា តម្លៃសណ្តែកបាយឆ្នាំនេះមានហាង ឆេងល្អគឺថ្លៃ៣៤០០រៀលដល់៣៥០០ រៀល ក្នុង១គីទ្បូក្រាម។ ដំណាំសណ្តែកបាយ សម្បូរដាំដុះជាងគេនៅតាមស្រុកចំនួន៣ រួមមានស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី និងស្រុកគូលែន។
លោកថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រជា កសិករប្រមូលផលសណ្តែកបាយចប់នាពេលដ៏ខ្លីខាងមុខនេះគឺដល់រដូវដាំដុះដំណាំសណ្តែកសៀងបន្តទៀត។ គួរបញ្ជាក់ ថា សណ្តែកបាយជាមុខទំនិញកសិផល មួយប្រភេទរក្សាតម្លៃបានល្អទាំងនៅលើទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជាដូចជា ប្រទេសវៀតណាម និង ថៃជាដើមដើម្បីចូលរោងចក្រផលិតចំណីអាហារផ្សេងៗ៕
ដោយ៖ សហការី