ហ្វីលីពីននិងអាមេរិកមានគម្រោងធ្វើសមយុទ្ធកម្លាំងទាហ៊ានជើងទឹកនៅតំបន់សមុទ្រភាគខាងលិចប្រទេសហ្វីលីពីន។ ប៉ុន្ដែមន្ដ្រីហ្វីលីពីន បញ្ជាក់ថា ការធ្វើសមយុទ្ធនោះមិនមែនដោយសារតែភាពតានតឹងនៅតំបន់សមុទ្រដែលមានវិវាទឡើយគឺជាគម្រោងដែលបានគ្រោងទុកជាយូរណាស់មកហើយ។
កងកម្លាំងទាហ៊ានហ្វីលីពីន បានប្រកាសថា សមយុទ្ធនឹងធ្វើឡើងក្នុងពេលដែលចិនព្រមានដល់អាមេរិកមិនត្រូវលូកដៃចូលបញ្ហាវិវាទនៅតំបន់សមុទ្រខាងត្បូងនោះឡើយ ដោយសារអាមេរិកមិនមែនភាគី ដែលពាក់ព័ន្ធនៅទីនេះ។
អ្នកនាំពាក្យកងកម្លាំងទាហ៊ានហ្វីលីពីន លោក ចូសមីហ្កែល រ៉ូទ្រីហ្កេស បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះបានឡើងគម្រោងតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ ប៉ុន្ដែអ្នកនាំពាក្យមិនបានប្រកាសពីទីតាំងនៃការធ្វើសមយុទ្ធនោះឡើយ។ ប៉ុន្ដែការធ្វើសមយុទ្ធនោះ អាចនឹងនៅក្បែរសមុទ្រខាងត្បូងដែលមានវិវាទ ។ ការធ្វើសមយុទ្ធនេះក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងការពាររួមរវាងអាមេរិកនិងហ្វីលីពីន។ ប៉ុន្ដែការធ្វើសមយុទ្ធរបស់អាមេរិក និងហ្វីលីពីនធ្វើឲ្យសហគមន៍អន្ដរជាតិព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវាបានកើតឡើងក្នុងពេលសមុទ្រខាងត្បូងកំពុងតានតឹងដាក់គ្នាដោយប្រទេសជាច្រើនប្រកាសអះអាងថា ជាអធិបតេយ្យរបស់ខ្លួន។
មុននេះមួយថ្ងៃ កងកម្លាំងទាហ៊ានជើងទឹកអាមេរិកបានប្រកាសបញ្ជូននាវាចម្បាំងផ្ទុកកាំជ្រួចមីស៊ីល USS Chung Hoon ទៅកាន់សមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយនាវានោះនឹងចូលរួមធ្វើសមយុទ្ធជាមួយហ្វីលីពីន។ ចំណែកចិន ក៏បានប្រកាសថានឹងធ្វើសមយុទ្ធនៅតំបន់សមុទ្រភាគខាងលិចនោះផងដែរ។
កាលពីពីរសប្ដាហ៍កន្លងមកនាវា របស់ចិនបានគំរាមកំហែងនាវារុករកប្រេងយាមល្បាតរបស់ប្រទេសមួយចំនួនដូចជាវៀតណាម និងហ្វីលីពីន ក្នុងនោះនាវាចិនក៏បានកាត់ផ្ដាច់ខ្សែកាបរបស់នាវារុករកប្រេងរបស់វៀតណាមផងដែរ ធ្វើឲ្យស្ថានភាពសមុទ្រខាងត្បូងកាន់តែពុះកញ្ជ្រោលដោយសារតែភាគីនីមួយៗអះអាងថា ជាអធិបតេយ្យភាពរបស់ខ្លួន។
ក្នុងពេលនោះប្រធានាធិបតីហ្វីលីពីនបង្ហាញជំនឿចិត្ដទៅលើប្រទេសរបស់ខ្លួនដោយមានការជួយជ្រោមជ្រែងពីអាមេរិកក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ប្រធានាធិបតីហ្វីលីពីន មានប្រសាសន៍ថា «យើងខ្ញុំសន្យាស្វែងរកវិធីសាស្ដ្រសន្ដិភាពតាមរយៈកិច្ចចរចាឲ្យអស់ពីសមត្ថភាព។ ខ្ញុំជឿជាក់ថា ជាសម្ព័ន្ធមិត្ដអាមេរិកនឹងជួយដល់យើងនៅពេលចាំបាច់ដោយសារតែយើងមានសន្ធិសញ្ញារួមគ្នាក្នុងការការពារអធិបតេយ្យភាព»។
ចំណែកមន្ដ្រីចិនបានប្រកាសអះអាងថា វិវាទនៅសមុទ្រខាងត្បូង គឺគ្មានមូលហេតុណាមួយសម្រាប់ឲ្យប្រទេសដទៃ ទៀតមកជ្រៀតជ្រែកឡើយ វិវាទកើតឡើងរវាងភាគីក្នុងតំបន់មិនមែនជារឿងរបស់ប្រទេសដទៃទៀតឡើយ។
សហគមន៍អន្ដរជាតិក៏ដូចជាអ្នកវិភាគនយេបាយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនូវភាពតានតឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់សមុទ្រខាងត្បូង ដោយខ្លាចតំបន់នេះក្លាយជាទីលានផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកើតឡើង និងអាចរាលដាលពាសពេញពិភពលោកក្នុងពេលដែលភាគីពាក់ព័ន្ធអះអាងថា ជាអធិបតេយ្យរបស់រៀងខ្លួនដោយប្ដេជ្ញាការពារដល់ទីបញ្ចប់មិនអនុញ្ញាតឲ្យធ្លាក់ទៅលើប្រទេសណាមួយផ្សេងជាដាច់ខាត។ ដោយហេតុដូច្នេះប្រទេសដែលមានវិវាទតំបន់សមុទ្រខាងត្បូងខិតខំពង្រឹងកម្លាំងទាហ៊ានសព្វាវុធទំនើបៗ និងស្វែងរកសម្ព័ន្ធមិត្ដឲ្យជួយជ្រោមជ្រែងពីក្រោយខ្នងដូចជាអាមេរិកជាដើម៕
ប្រែសម្រួល៖ សាធី