ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
របៀបវារៈសម្រាប់ពិភាក្សាថ្ងៃនេះរួមមានៈ
១. សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
២. សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំ រំកិល ២០១៧-២០១៩។
៣. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១. កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៣.២. ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
៣.៣. កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៤. ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៥. ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៦. ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ។
កិច្ចប្រជុំគឺកំពុងចាប់ផ្តើមនៅពេលនេះ៕
ដោយ៖ សុខ ខេមរា