ខេត្តព្រះសីហនុ៖ បើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ មាននាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេសជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរទាំងអស់បានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា នេះជាសញ្ញាណល្អនៃវិស័យទេសចរណ៍ នៅគោលដៅខេត្តព្រះសីហនុ ក៏ដូចជាគោលដៅទេសចរណ៍នានានៅទូទាំងប្រទេស។
ដោយឡែកយោងតាមការបញ្ជាក់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងដែរថា កាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍លើដងផ្លូវ ជូនដល់ភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
គួរបញ្ជាក់ដែរថា នាវាមួយនេះ នឹងចាកចេញពីកំពង់ផែស្វយ័តខេត្តព្រៈសីហនុ នៅវេលាម៉ោង១៦,០០នាទីរសៀលថ្ងៃដដែល រួចទៅប្រទេសថៃ៕ ដោយ៖សហការី