ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៦ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានជួបពិភាក្សាគ្នាជាមួយតំណាងអង្គការចំនួន៤ គឺ អង្គការសិទ្ធិលំនៅដ្ឋាន អង្គការសមធម៌កម្ពុជា អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ នឹងមានអ្នកសម្របសម្រួល មកពីអង្គការ សហប្រជាជាតិ ដោយលើកយកបញ្ហាដែល ប្រជាពលរដ្ឋចំនួន៣ ដែលបច្ចុប្បន្នកំពុង តវ៉ាចង់យកដី រដ្ឋស្ថិតនៅភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ហើយ កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់លោក អធិការរង នឹងមេបញ្ជាការរងខណ្ឌដង្កោផងដែរ ។
នៅក្នុងកិច្ចពិភាក្សាគ្នាខាងលើនេះខាងតំណាងអង្គការទាំង៤បានចោទសួរទៅអាជ្ញាធរថា តើហេតុអ្វីបានជាអាជ្ញាធរខណ្ឌដង្កោមិនព្រមដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរស់នៅលើកដីទំនប់វារីវប្បកម្ម ? ហេតុអ្វីបានបណ្តោយអោយបញ្ហាមួយនេះអូសបន្លាយយូរម្លេះ? ឆ្លើយតបនឹងការចោទសួររបស់តំណាងអង្គការទាំង៤ខាងលើលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោតំណាងអោយអាជ្ញាធរខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនអាជ្ញាធរមិន ដោះស្រាយជូនពួកគាត់ ដូចការលើកឡើងនោះទេ គឺអាជ្ញាធរបានរិះរក គ្រប់មធ្យោបាយ ហើយដើម្បី សម្រប សម្រួលដោះស្រាយជូនប្រជាពលរដ្ឋទាំង៣គ្រួសារ ប៉ុន្តែរាល់ដំណោះ ស្រាយរបស់ អាជ្ញាធរ គឺប្រជា ពលរដ្ឋទាំង៣គ្រួសារនោះមិនបានអនុវត្តន៍យល់ស្របតាមទេ ដោយរឹងទទឹងបន្ត រស់នៅលើដី ដែល ជាកម្មសិទ្ធិរបស់រដ្ឋ ។
លោកអភិបាលរងបានបន្តថា ទីតាំងដែលប្រជាពលរដ្ឋ៣គ្រួសារកំពុងស្នាក់ នៅនោះជាដីទំនប់ព័ទ្ធជុំវិញអាងស្តុបទឹកបឹងទំពុន នឹងជាដីកម្មសិទ្ធិរបស់សាលាសកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ហើយកន្លងមកប្រជាពលរដ្ឋ៣គ្រួសារខាងលើ គ្មានកន្លែងរស់នៅក៏ បានមកសង់ ផ្ទះ តូចៗ នៅលើទំនប់វារីវប្បកម្មដើម្បីស្នាក់នៅបណ្តោះអាសន្ន រហូតមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់បានទាមទារស្នាក់សុំអោយអាជ្ញាធរចេញប័ណ្ឌកម្មសិទ្ធលើដីរដ្ឋនោះទៅអោយពួកគាត់ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធដោយសារទីតាំងដែលពួកគាត់កំពុងរស់នៅ ជាប់ ស.ជ.ណ របស់សាលារាជធានីភ្នំពេញ ដូច្នេះអាជ្ញាធរក៏បានរកវិធីសម្របសម្រួលដោះស្រាយជូនពួកគាត់ដែល តែពួកគាត់មិនព្រមនោះទេ ដោយបានដាក់ពាក្យសុំអន្តរាគមន៍គ្រប់ទីកន្លែង រហូតមានអង្គការជាច្រើន បាន ទាក់ទងមកអាជ្ញាធរខណ្ឌដង្កោជួបពិភាក្សាលើកបញ្ហានេះជាក់ស្តែងគឺពេលនេះតែម្តង។
លោក ប្រាជ្ញ សីហា បានស្នើទៅតំណាងអង្គការទាំង៤ ក្នុងកិច្ចពិភាក្សាថា បើមកពិភាក្សា គ្នាជា មួយអាជ្ញាធរដើម្បីរកដំណោះស្រាយសមស្របណាមួយជូនប្រជាពលរដ្ឋ៣ គ្រួសារនោះ គឺអាជ្ញាធរ សហ ការជាមួយ ប៉ុន្តែបើមកទាមទារសុំឲ្យអាជ្ញាធរ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ៣គ្រួសារ ខាងលើបន្តរស់នៅនឹង យក ដីកម្មរដ្ឋធ្វើជាកម្មសិទ្ធនោះគឺអាជ្ញាធរសុំបដិសេធយ៉ាងដាច់អហង្កា ។
លោកបញ្ជាក់បន្ថែមថា បើសិនប្រជាពលរដ្ឋទាំង៣គ្រួសារមានសំណើរសុំដោយលក្ខខ័ណ្ឌណាមួយនោះ អាជ្ញាធរខណ្ឌនឹង ពិចារ ណាមើលរួចដោះស្រាយទៅតាមលទ្ធភាព តែបើពួកគាត់នៅតែបន្តរស់នៅនឹងចង់យក ដីរដ្ឋនោះធ្វើកម្ម សិទ្ធ អាជ្ញាធរខណ្ឌមិនព្រមជាដាច់ខាត។ លោកបន្ថែមថាអាជ្ញាធរបានជម្រាបដល់ប្រជាពលរដ្ឋទាំង៣គ្រួសារតាំងពីឆ្នាំ ២០១៥ ថាមុនហ្នឹងពួកគាត់មកចាប់ដីត្រង់ទីតាំងខាងលើរស់នៅសូមទៅរស់នៅកន្លែងដើមវិញទៅ កុំមករស់នៅដីដែលរដ្ឋរក្សាទុក្ខ ហើយលោកក៏បានស្នើអង្គការសង្គមស៊ីវិលសហការជាមួយអាជ្ញាធរដើម្បីដោះស្រាយរកទីលំនៅជូនពួកគាត់ក្រៅពីទីតាំងខាងលើ ៕
ដោយ៖ តាឡឹម