ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីសរុបចំនួន១៥៣នាក់ទៅធ្វើការងារ និងស្នាក់នៅក្នុងប្រទេសថៃខុសច្បាប់ត្រូវបានតម្រួតថៃចាប់បញ្ជូនតាមរថយន្តចំនួន២រថយន្តមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពី រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ក្រោយ ពីតម្រួតថៃរកឃើញថា ពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវ ។
សូមបញ្ជាក់ថា ពលករខ្មែរដែលបានឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុស ច្បាប់ភាគច្រើនត្រូវគេមើលឃើញថាពួកគេធ្វើដំណើរចាកចេញទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ ។
ពាក់ព័ន្ធនិងការឆ្លងដែនខុសច្បាប់នោះដែរកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា ពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរ មនុស្សនិងកម្លាំងពលកម្មពីសំណាក់មេ ខ្យល់ខ្មែរ និងមេខ្យល់ថៃ ប្រឈមនឹងការចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ ពីសមត្ថកិច្ចថៃ ។ មិនតែប៉ុណ្ណោះការធ្វើ ដំណើរតាមរថយន្តរត់គេចពីការតាមចាប់ របស់តម្រួតថៃបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់និងរងរបួសដែលបញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់រួចមហើយ ។
ពលករខ្មែរ១៥៣នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ សមត្ថកិច្ចកម្ពុជាបានអប់រំឱ្យពួកគាត់ បញ្ចប់ការធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀតហើយបានណែនាំឱ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសវិញ ៕
ដោយ៖ សំ វិច្ឆិកា