ភ្នំពេញ៖ បញ្ជូនខ្លួននារីស្រស់ស្អាតម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពី បង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ម្ចាស់ម៉ូតូ បានស្លាប់ នៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូអាគុយសុខៗត្រូវបាននារីស្រស់ស្អាតស្រវឹងស្រាម្នាក់បើករថយន្តស៊េរីទំនើបបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៣ត្រង់ចំណុចមុខព្រលានយន្តហោះពោចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះពោធិ៏ចិនតុង រស់នៅខាងក្រោយស្រាបៀរអង្គរ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីបុរសម្នាក់ដែលជាអ្នករត់កង់បីឥណ្ឌាបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ បើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿន លឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក់FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BW.0080 បើកបរដោយ នារីស្រស់ស្អាតម្នាក់និងរួមដំណើរដោយបុរសបីនាក់ទៀត បើកលឿនរេពេញផ្លូវដោយសារតែស្រវឹងបានមកបុកម៉ូតូអាគុយ អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ននារីស្រស់ស្អាតជាម្ចាស់រថយន្តបង្ក កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ រ៉ារ៉ា