ខេត្តកណ្ដាល: ឃ្លាំងដេរគ័ររោងការមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ខូចខាត និងបាត់ទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង៦០០០ដុល្លារសហរដ្ឋអាមេរិក ។
សមត្ថកិច្ចបានបញ្ជាក់ថា : មូលហេតុនៃការឆេះនេះ សង្ស័យឆ្លងចរន្តអគ្គិសនី ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ម៉ោង១៧និង០៥នាទី ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា: ឃ្លាំងដែលត្រូវអគ្គីភ័យលេបត្របាក់ សាងសង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី ទំហំ១១ម៉ែត្រ x ៥៥ម៉ែត្រ ឆេះខូចខាតទាំងស្រុង ជារបស់ឈ្មោះ ជន ចាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័ររោងការ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។សម្ភារ:ខូចខាតរួមមាន៖ គ្រឿងដេគ័រមុខរោងការខូចខាតដែកនិងបន្ទះក្តាសរុបជាទឹកប្រាក់ប្រមាណជា ៦.០០០ ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពដដែលបន្តថា : បន្ទាប់ពីកម្លាំងនគរបាលស្រុកកៀនស្វាយទទួលបានព័ត៌មនខាងលើ ភ្លាមនោះយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក និងរាយការណ៍បន្តទៅការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយរថយន្តពន្លត់អគ្គីភ័យរបស់បុរីប៉េងហួត ، រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរម៉ាដ្រី រួមទាំងសហការជាមួយអាជ្ញាធរភូមិ/ឃុំ ប្រជាការពារ និង ប្រជាពលរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរនៅវេលាម៉ោង ១៩និង០០នាទី។ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ ៕
ដោយ : ស្អាង ជ័យ