ខេត្ដកណ្ដាល ៖ លោក ព្រំ វិសុទ្ធ អនុ ប្រធាននាយកប្រតិបត្ដិនិងជាគណៈប្រធាន នាយកប្រតិបត្ដិនីតិកម្មធនាគារអេស៊ីលី ដា ភីអិលស៊ី បានដាក់លិខិតមួយច្បាប់ មកមជ្ឈមណ្ឌលព័ត៌មាននគរវត្ដស្នើរឱ្យ កែតម្រូវព័ត៌មាននៅក្នុងគេហទំព័រ ដែលបានចុះផ្សាយថា ជនសង្ស័យម្នាក់ និងបក្ខពួកដែលបានប្លន់ទៅលើស្ដ្រីម្នាក់ជាបុគ្គលិកអេស៊ីលីដានោះគឺ“ជនសង្ស័យ ខាងលើមិនមែនជាបុគ្គលិករបស់ធនា គារ អេស៊ីលីដា ភីអិលស៊ី”ទេ ។ “ការផ្សព្វ ផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ ឈ្មោះរបស់ធនាគារអេស៊ីលីដា ភិអិល ស៊ី” ។
នៅក្នុងលិខិតចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ព្រំ វិសុទ្ធ នៅ ក្នុងឃ្លាមួយបានសរសេរបែបខុសឆ្គង ដោយប្រើពាក្យថា“ចុះផ្សាយ”។ ឃ្លា “ចុះផ្សាយ”នេះបើតាមមជ្ឈមណ្ឌល ព័ត៌មាននគរវត្ដយល់ថាលោកគួរប្រើ ពាក្យ“ផ្សព្វផ្សាយ”វិញត្រូវជាង ព្រោះ ព័ត៌មាននេះមជ្ឈមណ្ឌលពុំទាន់បានចុះ ផ្សាយនៅលើកាសែតនគរវត្ដនៅឡើយ ទេ ។ មួយវិញទៀតលិខិតរបស់លោក ដែលមើលទៅដូចមានការចាប់បង្ខំឱ្យ មានការកែតម្រូវដោយបញ្ជារក្នុងលក្ខ ខណ្ឌបន្ទាន់នោះគឺផ្ទុយពីវិជ្ជាជីវរបបសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់មជ្ឈមណ្ឌលព័ត៌មាននគរវត្ដ យល់ថា ដូចជាគ្មានភាពចាំបាច់និងគ្មាន ពេលវេលាគ្រប់គ្រាន់ក្នុងការកែតម្រូវ តាមបញ្ជារបែបបង្ខិតបង្ខំបន្ទាន់របស់ លោកនោះទេហើយបើលោកចង់ដឹងជនសង្ស័យនិងបក្ខពួកម្នាក់ទៀតរៀបចំ គម្រោងប្លន់ស្ដ្រីម្នាក់មិនបានសម្រេច ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានថាជនសង្ស័យរូបនោះជាបុគ្គលិកធនាគារ អេស៊ីលីដាឬមិនមែននោះលោកគួរទៅសួរនគរបាលដែលជាម្ចាស់ករណីបង្ក្រាបលើជនសង្ស័យនោះវិញ បែបទទួលលទ្ធ ផលច្បាស់លាស់ជាង។ ដើម្បីឱ្យកាន់*តែច្បាស់ជាងនេះនិងស្មើមុខស្មើមាត់ តាមផ្លូវច្បាប់មជ្ឈមណ្ឌលព័ត៌មាននគរវត្ដសូមបង្ហាញរបាយការណ៍នគរបាល ដោយសង្ខេបតែឃ្លាមួយបញ្ជាក់ថា“ជនសង្ស័យ ស៊ិន សុភា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរបុគ្គលិកធនាគារអេស៊ីលីដា” រស់នៅភូមិអណ្ដូង ឃុំសំរោងទង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ។
គួរបញ្ជាក់ថា ប្រសិនបើជនសង្ស័យ ត្រូវបានតុលាការស្រាវជ្រាវស៊ើបអង្កេត រកឃើញពីពិរុទ្ធភាពក្នុងអំពើរៀបចំ គម្រោងប្លន់ ហើយពួកគេជាបុគ្គលិក ធនាគារអេស៊ីលីដា ដូចរបាយការណ៍ សមត្ថកិច្ចសំយោគបទល្មើសបង្ហាញពី ការព្រួយបារម្ភចំពោះអតិថិជនជាដៃគូរធនាគារមួយនេះលើសុវត្ថិភាពផ្សេងៗ នោះ ។
គួរំលឹកថា ការពីវេលាម៉ោង១៩និង ៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិជ្រៃមង្គល ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល មាន ករណីប្លន់ស្ដ្រីជាងកាត់ដេរសម្លៀក បំពាក់ម្នាក់ តែមិនបានសម្រេចនោះទេ។ ក្រោយមកសមត្ថកិច្ចបានចាប់ខ្លួនជន សង្ស័យជាបន្ដបន្ទាប់ ។
ក្រោយចាប់ខ្លួនសមត្ថកិច្ចនគរបាល បានប្រាប់ឱ្យដឹងថាជនសង្ស័យមានគ្នា ២នាក់ទី១-ឈ្មោះ ស៊ិន សុភា ហៅផានិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គ លិកធនាគាអេស៊ីលីដាសាខាខេត្ដតាកែវ មានទីលំនៅក្នុង ភូមិអណ្ដូង ឃុំសំរោង ទង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ និង ទី២-ឈ្មោះ សួស ឆាង ហៅតាចិន ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរបរជាសន្ដិសុខ ក្រុមហ៊ុន CSN មានទីលំនៅក្នុងភូមិ តារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្ដ កំពង់ស្ពឺ ។ ចំណែកឯស្ដ្រីរងគ្រោះឈ្មោះ សុខ សុជាតិ ភេទស្រី អាយុ៣៤ឆ្នាំ មុខ របរជាជាងកាត់ដេរ សម្លៀកបំពាក់ មាន ទីលំនៅក្នុងភូមិព្រៃតាចាប ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា រយៈពេលកន្លងមកជនសង្ស័យ ឈ្មោះ ស៊ិន សុភា ហៅផានិតបាន រាប់អានគ្នាជាមួយជនរងគ្រោះហើយជនរងគ្រោះធ្លាប់បានពឹងពាក់ឱ្យជនសង្ស័យ រត់ការធ្វើស្លាកលេខម៉ូតូថែមទៀត ។ មិនតែប៉ុណ្ណោះជនសង្ស័យធ្លាប់បាន ណែនាំជនរងគ្រោះឱ្យយកប្រាក់ដាក់នៅ ធនាគារអេស៊ីលីដាសាខាភ្នំពេញដើម្បីយកការប្រាក់ទៀតផង ។ ការរាប់អាន គ្នានិងពឹងពាក់គ្នានេះបានដឹងដល់បុរស ជាប្ដីស្ដ្រីរងគ្រោះ និងប្រពន្ធជនសង្ស័យ ផងដែរ ។ លុះមកដល់វេលារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ ជន សង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានទូរស័ព្ទទៅរកជនរងគ្រោះសួរនាំនៅឯងណា ? ពេលនោះស្ដ្រីរងគ្រោះក៏បាន តបវិញថានៅផ្សារដើមគក្នុងរាជធានី ភ្នំពេញ ។
ប្រភពដដែលបានបន្ដថា នៅពេល ឮថាស្ដ្រីរងគ្រោះនៅភ្នំពេញជនសង្ស័យក៏បានប្រាប់ឱ្យស្ដ្រីរងគ្រោះចាំដើម្បីសុំជិះម៉ូតូទៅផ្ទះនៅឯខេត្ដកំពង់ស្ពឺជាមួយផង ហើយបន្ទាប់ពីបានជួបគ្នាស្ដ្រីរងគ្រោះក៏បានប្រគល់សោម៉ូតូឱ្យជនសង្ស័យឌុប សំដៅទៅស្រុកកំណើតនៅឯខេត្ដកំពង់ស្ពឺវិញ ។ លុះជិះដល់ចំណុចកើតហេតុជន សង្ស័យបានឈប់ម៉ូតូនៅក្បែរចិញ្ចើម ផ្លូវហើយចុះទៅបត់ជើងតូច ខណៈនោះ បក្ខពួករបស់គេបានជិះម៉ូតូចូលទៅ ដណ្ដើមកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះបម្រុងជិះម៉ូតូគេចខ្លួនតែត្រូវ ស្ដ្រីរងគ្រោះស្ទុះមកធាក់ម៉ូតូដួលទៅក្នុង ប្រឡាយធ្វើឱ្យជនសង្ស័យរត់កាត់វាល ស្រែបំណងគេចខ្លួន ហើយស្ដ្រីរងគ្រោះ ក៏រត់តាមពីក្រោយស្រែកថា“ចោរៗ” ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ព័ទ្ធស្ទាក់ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្ដង ។
ប្រភពដដែលបានបន្ដទៀតថា ករណី ខាងលើនេះជនសង្ស័យទាំង២នាក់បាន រៀបចំគម្រោងនិងទូរស័ព្ទទៅស្ដ្រីរងគ្រោះ ដើម្បីប្លន់ស្ដ្រីរងគ្រោះជាមុន ។ ពេល មកដល់គោលដៅដែលបានណាត់គ្នា ហើយនោះជនសង្ស័យក៏បានឈប់ម៉ូតូឱ្យបក្ខពួកចេញមកប្លន់ ហើយពេលកំពុង ប្រតាយប្រតប់គ្នានោះជនសង្ស័យឈ្មោះ ស៊ិន សុភា ហៅផានិត បានស្រែកប្រាប់ ស្ដ្រីរងគ្រោះឱ្យប្រគល់កាបូបទៅឱ្យបក្ខ ពួកព្រោះវាមានកាំភ្លើង ។ តែដោយសារ ស្ដ្រីរងគ្រោះនៅមានស្មារតីនឹងនមិន ឃើញជនសង្ស័យមានកាំភ្លើងក៏ព្យាយាម ប្រតាយប្រតប់ដណ្ដើមយកកាបូប និង ធាក់ម៉ូតូជនសង្ស័យឱ្យដួលតែម្ដង ។
នគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថាពាក់ព័ន្ធករណីបង្ក្រាបឃាត់ខ្លួនជន សង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FD-5926 កាបូប ស្ពាយ ពណ៌សូកូឡាចំនួន១ នៅក្នុង កាបូបមានលុយចំនួន១.០០០ដុល្លារ សហរដ្ឋអាមេរិក(ជារបស់ជនរងគ្រោះ) ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុងធុនសេ៥០ ពណ៌ទឹក សមុទ្រ ពាក់ស្លាកលេខ ២៤០៧-ស.ន១ (ជារបស់ក្រុមជនសង្ស័យ) ៕ ស្អាងជ័យ