រដ្ឋាភិបាលប្រទេសទួគីពេលថ្មីៗនេះបានមានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំពីគោលនយោបាយកិច្ចការបរទេស នៅពេលដែលប្រទេសនេះក្លាយទៅជាសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។
កន្លងមកប្រទេសទួគីមិនគាំទ្រដល់សង្គ្រាមវាយប្រហារក្រុមអិស្លាមខាងលើនោះឡើយ ហើយក៏មិនអនុញ្ញាត្តិឲ្យអាមេរិកប្រើប្រាស់ទីតាំងយោធាសម្រាប់ផ្តួលរំលំរដ្ឋាភិបាលស៊ីរីនោះដែរ។ប៉ុន្តែក្រោយជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងសមភាគីទួគីលោកTayyip Erdogan បានឯកភាពគ្នាសហការដើម្បីការពារសន្តិសុខរួមតាមបណ្តោយព្រំដែនជាប់ប្រទេសសុីរីនិងចូលរួមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។
តាមកិច្ចព្រមព្រៀងរវាងអាមេរិកនិងទួគី បណ្តាយន្តហោះចម្បាំងរបស់អាមេរិកអាចចុះចតនៅក្នុងអាកាសយានដ្ឋានយោធាទួគី។ តាមកិច្ចព្រមព្រៀង យន្តហោះចម្បាំងអាមេរិកអាចហោះហើរចេញពីអាកាសយានដ្ឋាន Incirlik ទៅបំពេញបេសកកម្មវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋ។
កិច្ចព្រមព្រៀងខាងលើមានន័យថា ទួគីបានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋដែលដឹកនាំដោយអាមេរិក។ មូលហេតុដែលធ្វើឲ្យទួគីផ្លាស់ប្តូរទស្សនៈចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋនោះដោយសារតែ ទួគីក៏ទទួលរងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២០ខែកក្កដា នៅទីក្រុងSurus សម្លាប់មនុស្ស៣២នាក់និងរបួសរាប់រយអ្នក ។
ប៉ុន្តែតាមក្រុមអ្នកវិភាគ ការដែលទួគីចូលរួមជាមួយអាមេរិកដោយសារតែអាមេរិកនិងអីរ៉ងបានចុះកិច្ចព្រមព្រៀងបរមាណូនិងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយគ្នាឡើងវិញ។មួយវិញទៀត នៅក្នុងសង្គមប្រទេសទួគីកំពុងតែមានបញ្ហា មានអសន្តិសុខនៅក្នុងសង្គម ក្រុមប្រឆាំងកើនឡើង ទើបធ្វើឲ្យមេដឹកនាំទួគីចាំបាច់ត្រូវតែរួមដៃគ្នាជាមួយអាមេរិកជាមុន ចៀសវាងមេដឹកនាំក្រុមប្រឆាំងទៅចង់សម្ព័ន្ធភាពជាមួយអាមេរិកជាមុននោះរដ្ឋាភិបាលទួគីប្រាកដជាជួបបញ្ហាជាមិនខាន៕