ខេត្តព្រៃវែង៖ បើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ សំណុំរឿងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលព្រៃវែងចំនួន១២នាក់ ដែលរកឃើញមានផ្ទុកសារធាតុញៀនក្នុងប្រតិបត្តិការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្ត បានដាក់សំណើជូនដល់ក្រសួងមហាផ្ទៃរួចហើយ រង់ចាំការសម្រេចពីថ្នាក់នាំក្រសួង។
អ្នកនាំពាក្យរងរូបនេះ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្តរួចមក ក៏បានបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យបន្ត ហើយរហូតមកដល់ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់សំណើជាលាយល័ក្ខអក្សរជូនដល់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយដែរ តែការសម្រេចយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។
លោក ទូច សុខៈ បានថ្លែងបន្តថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់សំណើជូនលោក ស សុខា ចំនួន២ចំណុច ទី១ គឺស្នើសុំបញ្ជូនអ្នកដែលពាក់ព័ន្ធនឹងសារធាតុញៀននេះទៅកាន់មជ្ឈមណ្ឌលអប់រំកែប្រែស្ដានិតិសម្បទាដើម្បីបន្សាបសារធាតុញៀន។ និងទី២ គឺអគ្គស្នងការដ្ឋាននគរបាលជាតិស្នើសុំបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយយោងទៅលើវិន័យកងកម្លាំង ០០៦ របស់ក្រសួងមហាផ្ទៃ។
ដោយឡែកជុំវិញករណីនេះដែរលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងនៅក្នុងទំព័រហ្វសប៊ុកផ្លូវការថា នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២នាក់ មិនមែន១១នាក់នោះទេ អ្នកទាំង១២នាក់នោះ គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត។
លោកស្នងការខេត្ត បានបញ្ជាក់ និងតាំងជំហរយ៉ាងច្បាស់ថា បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់។ លោកថា ពួកយើងបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ។ ប្រជាជន និងនគរបាលគឺស្មើភាព៕អរុណរះ